កងកម្លាំងអ៊ីរ៉ាក់ចាប់បានក្រុមISIS ដែលរត់គេចខ្លួនពីការប្រយុទ្ធគ្នារវាងកងទ័ពតួកគី និងឃើដ
រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ាក់ លោក Najah Hassan Ali Shammari បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរអ៊ីរ៉ាក់ បានឃុំខ្លួនសមាជិកជាច្រើននៃក្រុមភេរវកម្ម Daesh(ISIS)ដែលបានរត់គេចខ្លួនចេញពីការប្រយុទ្ធគ្នារវាងកងទ័ពតួកគី និងឃើដ ក្នុងប្រទេសស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន INA បានរាយការណ៍ថា៖«សកម្មប្រយុទ្ធ ISISជាច្រើននាក់ ដែលបានរត់គេចខ្លួនចេញពីប្រទេសស៊ីរី ត្រូវបានចាប់ឃុំខ្លួននៅលើទឹកដីនៃប្រទេសអ៊ីរ៉ាក់»។ ប៉ុន្តែមិនមានសេចក្តីរាយការណ៍លម្អិតណាមួយត្រូវបានរាយការណ៍នោះទេ។
បន្ថែមពីនេះ លោកShammari បាននិយាយថា អ្នកដែលបានឆ្លងដែនខុសច្បាប់ទៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងត្រូវបានធ្វើទុក្ខបុកម្នេញហើយនិងសន្តិសុខតាមព្រំដែននឹងត្រូវបានជំរុញឲ្យមានភាពតានតឹង។
គួរជម្រាបថា ចាប់តាំងពីថ្ងៃទី ៩ ខែតុលាមក តួកគីបានធ្វើការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ និងDaeshនៅភាគខាងជើងប្រទេសស៊ីរី ហើយការវាយលុកនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខផ្សេងៗ។
គួរកត់សម្គាល់ថា កាលពីថ្ងៃអាទិត្យ រដ្ឋបាលស្វយ័តឃើដ បានប្រកាសនៅស៊ីរីថា យ៉ាងហោចណាស់អ្នកទោស៧៨៥ នាក់ដែលជាប់ទាក់ទងនឹងDaeshបានរត់គេចខ្លួនចេញពីពន្ធនាគារមួយនៅអៃអ៊ីសា។
យ៉ាងណាមិញ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា ការអះអាងអំពីការរត់គេចខ្លួនរបស់សមាជិកDaesh ពីពន្ធនាគារមួយនៅអៃអ៊ីសា(Ayn Issa)គឺជាព័ត៌មានមិនពិត៕