លោក ដូណាល់ ត្រាំ៖ ប្រតិបត្តិការកម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដរបស់តួកគីនៅស៊ីរី មិនមែនជាបញ្ហាយើងទេ ចំពេលអាមេរិកកំពុងរងការរិះគន់យ៉ាងខ្លាំង
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបាននិយាយថា ការលុកលុយរបស់តួកគី កម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដ នៅភាគខាងជើងប្រទេសស៊ី មិនមែនជាបញ្ហារបស់សហរដ្ឋអាមេរិកឡើយ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ដូចខាងលើ នៅចំពោះមុខអ្នកសារព័ត៌មាន ថ្ងៃពុធសប្ដាហ៍នេះ នៅឯសេតវិមានថា សហរដ្ឋអាមេរិកមិនមែនជាភ្នាក់ងារប៉ូលិសទេ ខណៈដែលសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ចំពោះការដកកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី ដោយទុកឱ្យក្រុមសកម្មប្រយុទ្ធឃើដ ដែលជាអតីតសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវប្រឈមមុខនឹង ការវាយលុកពីយោធាតួកគីតែម្នាក់ឯង។
នាឱកាសនោះលោកប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា«ប្រតិបត្តិការយោធារបស់តួកគីនៅស៊ីរី មិនមែនជាបញ្ហារបស់យើងឡើយ ហើយក៏មិនមែនជាបញ្ហាព្រំដែនរបស់យើងដែរ។ ដូច្នេះយើងមិនគួរចំណាយជីវិតកងទ័ពយើងណាម្នាក់ទេ… ម្យ៉ាងវិញទៀតសហរដ្ឋអាមេរិក មិនមែនជាប៉ូលិសនោះទេ ហើយវាដល់ពេលហើយដែលយើងត្រូវត្រឡប់មកផ្ទះវិញ»។
គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ក្រោយសម្រេចចិត្តដកកងទ័ពអាមេរិក ចេញពីតំបន់ភាគខាងជើងស៊ីរី ខណៈមជ្ឈដ្ឋានខ្លះចោទថា ការដកកងទ័ពនេះមានន័យស្មើនឹងសហរដ្ឋអាមេរិក បើកដៃឱ្យតួកគីធ្វើការវាយលុកកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ។
តែយ៉ាងណាក៏ដោយតួកគីក៏បានអះអាងដែរថា ប្រតិបត្តិការយោធារបស់ខ្លួន គឺមានគោលបំណងធំពីរ នោះគឺបោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលខ្លួនចាត់ទុកថា ជាពួកភេរវករចេញពីតំបន់ព្រំដែនតួកគី-ស៊ីរី និងបង្កើតតំបន់សុវត្ថិភាពមួយសម្រាប់ជនភៀសខ្លួនស៊ីរី ប៉ុន្តែបណ្តាប្រទេសធំៗស្ទើរតែទាំងអស់លើលោកដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី និងសហភាពអឺរ៉ុប មិនគាំទ្រទង្វើបែបនេះឡើយ៕