លោក សម រង្ស៊ី បន្តស្វែងរកការគាំទ្រពីប្រទេសនៅអឺរ៉ុប បើកផ្លូវឱ្យលោកវិលចូលកម្ពុជាវិញដោយសុវត្ថិភាព
លោក សម រង្សុី បានស្នើដល់ក្រុមអ្នកតំណាងរាស្ត្រសេរីនិយម និងប្រទេសធំៗនៅអឺរ៉ុប រួមគ្នាដាក់សម្ពាធទៅរបបក្រុងភ្នំពេញ ដើម្បីបើកផ្លូវឱ្យលោកនិងអ្នកគាំទ្រទាំងអស់ វិលចូលកម្ពុជាវិញ ដោយសុវត្ថិភាព ដោះលែងសកម្មជនប្រឆាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ ផ្ដល់សិទ្ធិធ្វើនយោបាយឱ្យគណបក្សសង្គ្រោះជាតិឡើងវិញ និងរៀបចំការបោះឆ្នោតមួយដោយជឿទុកចិត្តបាន។
លោក សម រង្ស៊ី ថ្លែងបែបនេះក្នុងជំនួបជាមួយក្រុមអ្នកតំណាងរាស្ត្រសេរីនិយម មកពីប្រទេសជាច្រើន ក្នុងសន្និសីទនៃសហភាពអន្តរសភា (IPU) ក្នុងទីក្រុងបែលក្រាដ (Belgrade) ប្រទេសស៊ែប៊ី (Serbia) កាលពីថ្ងៃទី១៥ តុលា៖ «នៅសល់ជម្រើសតែមួយប៉ុណ្ណោះសម្រាប់ខ្ញុំ គឺការត្រឡប់ទៅប្រទេសខ្ញុំវិញ» រឿងនេះ គឺតម្រូវឱ្យមានការប្រថុយប្រថានច្រើន ព្រោះនាយករដ្ឋមន្ត្រីសព្វថ្ងៃនេះ គំរាមសម្លាប់ខ្ញុំ។
គាត់និយាយថា គាត់នឹងបាញ់ទម្លាក់យន្តហោះដែលខ្ញុំជិះ ឬគាត់ដាក់កាំភ្លើងយន្តបាញ់រះមកលើរូបខ្ញុំ និងអ្នកគាំទ្ររបស់ខ្ញុំ ព្រោះខ្ញុំចង់ចូលប្រទេសវិញតាមរយៈពេលប្រទេសថៃ ដែលមានពលករខ្មែរប្រមាណ២លាននាក់រស់នៅទីនោះហើយពួកគេគាំទ្របុព្វហេតុរបស់យើងពួកគេចង់ចូលរួមជាមួយយើង ដោយដើរកាត់ព្រំដែនចូលប្រទេសកម្ពុជា ខ្ញុំសង្ឃឹមថា បណ្ដាប្រទេសលោកសេរីនៅទូទាំងពិភពលោក នឹងដាក់សម្ពាធទៅលើរបបសព្វថ្ងៃនៅកម្ពុជា កុំឱ្យប្រើហិង្សា ដែលនាំឱ្យមានការបង្ហូរឈាម»។
ចំណែក អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ យល់ថា ការស្វែងរកការគាំទ្រផ្នែកការទូតពីសហគមន៍អន្តរជាតិរបស់លោក សម រង្ស៊ី នៅពេលនេះ គឺពិតជាមានឥទ្ធិពលទៅលើរបបក្រុងភ្នំពេញ ឱ្យងាកមកពិចារណាស្ដារប្រជាធិបតេយ្យឡើងវិញ ។
សហគមន៍អន្តរជាតិនៅក្នុងដំណាក់កាល គឺគេដាក់ក្រសែភ្នែករបស់គេ ដើម្បីតាមដានឱ្យកាន់តែជិតស្និទ្ធទៅទៀត ចំពោះស្ថានការណ៍នយោបាយ ហើយគេនឹងសង្កត់តាមរយៈសម្ពាធការទូត និងសម្ពាធសេដ្ឋកិច្ចជាដើម។
ប៉ុន្តែគេមិនអាចធ្វើអ្វីឱ្យហួសអំពីនយោបាយសម្រុះសម្រួលដែលជាយន្តការរបស់សហគមន៍អន្តរជាតិបានទេយើងដឹងហើយថា ការសម្រុះសម្រួលដែលគេធ្វើ គឺគេសង្កត់រដ្ឋាភិបាលក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ដែលគេដឹងថា សម្លាប់ប្រជាធិបតេយ្យហ្នឹង គេនៅតែទទូច ហើយមិនដកដៃទេ ចំពោះអ្វីដែលជាសម្ពាធរបស់គេ។
សល់តែ ២៤ថ្ងៃទៀត ដល់កាលកំណត់វិលចូលកម្ពុជាវិញ លោក សមរង្សុី ដែលនិរទេសខ្លួននៅក្រៅប្រទេស កំពុងស្វះស្វែងរកការគាំទ្រផ្នែកការទូត ពីបណ្ដាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដើម្បីដាក់សម្ពាធរបបក្រុងភ្នំពេញ ដើម្បីបើកផ្លូវឱ្យលោកវិលចូលស្រុកវិញ ដោយសុវត្ថិភាព។
ចំណែកមន្ត្រីរដ្ឋាភិបាល ថា កិច្ចខិតខំប្រឹងប្រែងរបស់មេបក្សប្រឆាំងនេះ គឺគ្មានឥទ្ធិពលអ្វីមកលើកម្ពុជាឡើយ។
លោក សម រង្ស៊ី ថ្លែងប្រាប់ក្រុមអ្នកតំណាងរាស្ត្រនៅអឺរ៉ុបបន្តទៀតថា៖ របបក្រុងភ្នំពេញបានសម្លាប់លទ្ធិប្រជាធិបតេយ្យ តាមរយៈការរំលាយគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនៅកម្ពុជា មិនឱ្យចូលរួមក្នុងការបោះឆ្នោត នៅអាណត្តិចុងក្រោយនេះ។ លោក បន្តថា ការសម្រេចវិលត្រឡប់ចូលស្រុកកំណើតវិញ គឺជាជម្រើសចុងក្រោយរបស់លោក ដើម្បីជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ៕
លោក សម រង្ស៊ី ថ្លែងប្រាប់ក្រុមអ្នកតំណាងរាស្ត្រនៅអឺរ៉ុបបន្តទៀតថា៖ របបក្រុងភ្នំពេញបានសម្លាប់លទ្ធិប្រជាធិបតេយ្យ តាមរយៈការរំលាយគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនៅកម្ពុជា មិនឱ្យចូលរួមក្នុងការបោះឆ្នោត នៅអាណត្តិចុងក្រោយនេះ។ លោក បន្តថា ការសម្រេចវិលត្រឡប់ចូលស្រុកកំណើតវិញ គឺជាជម្រើសចុងក្រោយរបស់លោក ដើម្បីជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ៕
អត្ថបទ៖ សុខ លាភ