ខ្ចីម៉ូតូគេ គេមិនអោយចាក់សោរលួចជិះរត់យ៉ាងលឿន ចុងក្រោយត្រូវសមត្ថកិច្ចតាមចាប់ក្របួចជាប់គុក
(កណ្តាល)៖ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយលួចម៉ូតូស្តែងៗពីជនរងគ្រោះ បានសម្រេចរួចរត់គេចខ្លួនតែមិនបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២.៣០នាទី នៅចំណុចភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។
ជនរងគ្រោះមានឈ្មោះ ខាន់ សាវី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ចំណែកជនសង្ស័យមានឈ្មោះ ធឿន ធា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ធ្លាប់ជាប់ពន្ធនាគារ ១លើក(ខេត្តកណ្ដាល)រយៈពេលចំនួន០៨ខែ ពីបទគំរាម
កំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅភូមិ-ឃុំកើតហេតុ ។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿងម៉ាកC១២៥(សង់ឌ្រីម)ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្ដាល១P-១៧៦១ ។
ដំណើររឿងហេតុ៖ នៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២.៣០នាទី ឈ្មោះ ខាន់ សាវី កំពុងរៀបចំជិះម៉ូតូទៅទិញថ្នាំព្យាបាលក្រពះ ស្រាប់តែមានឈ្មោះ ធឿន ធា បានដើរមកដល់ស្រែកខ្ចីម៉ូតូរបស់ឈ្មោះ ខាន់ សាវី ប៉ុន្តែឈ្មោះ ខាន់ សាវី ប្រកែកថាមិនឲ្យ ទេតែឈ្មោះ ធឿន ធា នៅតែចាក់សោរម៉ូតូ(សោរនៅជាប់និងម៉ូតូស្រាប់)ជិះចេញយ៉ាងលឿនបាត់ទៅភ្លាមនោះឈ្មោះខាន់សាវីបានតេទូរសព្ទ័រាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការ ជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានឃាត់ខ្លួនឈ្មោះ ធឿន ធា រួមនិងវត្ថុតាងខាងលើ នៅចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕