ស្លាប់ប៉ូលិសម៉ិចស៊ីកូ១៤នាក់ ក្នុងការឆ្មក់វាយបាញ់ប្រហារលើក្បួនរថយន្ត
មន្រ្តីប៉ូលិសយ៉ាងតិចចំនួន១៤នាក់បានស្លាប់ បន្ទាប់ពីមានការឆ្មក់វាយប្រហារពីខ្មាន់កាំភ្លើងមួយក្រុម នៅក្រុង Aguililla ក្នុងរដ្ឋ Michoacan ភាគកណ្តាលប្រទេសម៉ិចស៊ីកូ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។
គួរជម្រាបថា ករណីនេះបានកកើតឡើង នៅពេលដែលកម្លាំងប៉ូលិសម៉ិចស៊ីកូ កំពុងធ្វើដំណើរក្នុងរថយន្តល្បាតយ៉ាងហោចចំនួន២គ្រឿង លើដងផ្លូវហាយវ៉េមួយ ក្នុងក្រុង Aguililla ហើយក៏ស្រាប់តែបានរងការឆ្មក់វាយប្រហារពីក្រុមខ្មាន់កាន់ភ្លើង ដែលបានពួនសម្ងំចាំនៅសងខាងផ្លូវ។ ពួកគេបានបាញ់រះទៅលើក្បួនរថយន្តរបស់ប៉ូលិស ហើយរថយន្តទាំង២គ្រឿងក៏បានផ្ទុះឆេះ។ ក្រៅពីអ្នកស្លាប់ ប៉ូលិស៤នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។
ក្នុងនោះ ក្រសួងសន្តិសុខរបស់ម៉ិចស៊ីកូ បានចេញមុខថ្កោលទោសទង្វើដ៏អាក្រក់នេះ និងកំពុងតែសហការជួយដល់អាជ្ញាធររដ្ឋ Michoacan ក្នុងការតាមរុករកក្រុមជនដៃដល់។ ក្រុង Aguililla ស្ថិតក្នុងតំបន់ Tierra Caliente នៃរដ្ឋ Michoacan ជាតំបន់ដែលសម្បូរទៅដោយវត្តមានក្រុមរត់ពន្ធគ្រឿងញៀន៕