លោក ពេជ្រ ស្រស់ ប្រកាសប្តឹង អនុប្រធានបក្សមហាសាមគ្គីជាតិខ្មែរ ដែលចោទថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ ជាអាយ៉ងរបស់រដ្ឋាភិបាល
ក្រោយពីអនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ លោក ហាង គីមស្រឿន បានចោទថា លោកនាយករដ្ឋមន្ត្រី អនុញ្ញាតអោយលោក វ៉ា គឹមហុង ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជុំវិញការចុះហត្ថលេខាកំណត់ព្រំដែនរវាង កម្ពុជា-វៀតណាម គឺជាការជួបបំភ្លឺដើម្បីបង្គ្រប់កិច្ច និងជាក្រុមអាយ៉ង និងអាចផ្តល់ភាពមិនច្បាស់លាស់ ឬគ្មានបានជាផលវិជ្ជមានណាមួយសម្រាប់ជាតិនៅក្នុងជំនួបនេះអោយប្រាកដសោះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ម្នាក់ប្រកាសប្តឹងអ្នកចោទនោះទៅតុលាការ ។
លោក ពេជ្រ ស្រស់ បានសរសេរនៅក្នុងហ្វេសបុករបស់លោកថា ក្រោយពីខ្ញុំពិភាក្សាជាមួយមេធាវីរួចគឺមេធាវីបានសម្រេចឲ្យខ្ញុំប្ដឹងបុគ្គលនេះតែម្ដង ដោយបុគ្គលនេះគឺបានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាពិសេសប្រមាថដល់អង្គព្រះមហាក្សត្រផងដែរពីព្រោះយន្តការឧត្តមក្រុមប្រឹក្សានេះគឺអាចដំណើរការទៅបាន ដោយសារតែ
មានព្រះមហាក្សត្រទ្រង់អុញ្ញាតឲ្យដំណើរការ។
ការប្រកាសប្តឹងនេះ បន្ទាប់ពីអនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរសរសេរនៅក្នុងហ្វេសបុកឈ្មោះ Heang Kimsroeun បានលើកឡើងថា ការជួប និងបំភ្លឺរបស់លោក វ៉ា គឹមហុង គ្រាន់តែជាការរៀបចំឈុតឆាកដែលបានរៀបចំដោយដែលរដ្ឋាភិបាលឯកបក្ស ដើម្បីរៀបចំអោយមានឯកឧត្តមមន្ត្រីជើងមិនជាប់ដី ក្បាលមិនជាប់មេឃ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបំពេញបន្ថែមបំភ្លៃប្រវត្តសាស្ត្រ ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។
ដូច្នេះប្រហែលបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកសារព័ត៌ជាតិ និងអន្តរជាតិ បានជ្រាបហើយថា យន្តការដែលមានប្រសិទ្ធិភាពនៅក្នុងលក្ខខណ្ឌច្បាប់ គឺតំណាងរាស្ត្រ ឬគណៈកម្មការសភា តំណាងរាស្ត្រជាប់ឆ្នោតជាអ្នកចេញលិខិតកោះអញ្ជើញមន្ត្រីនីតិប្រតិបត្តិតាមបណ្តារ ក្រសួង ស្ថាប័ន ឬនាយករដ្ឋមន្ត្រីជាប់ឆ្នោតអោយចូលមកបំភ្លឺនៅចំពោះមុខសភាក្នុងអាណត្តិ ដើម្បីសួរដេញដោលជុំវិញករណីរឿងហេតុដែលសភាយល់ឃើញថា បើកសម័យប្រជុំសួរដេញដោលចំពោះសកម្មភាពមន្ត្រីនីតិប្រតិបត្តិក្នុងការអនុវត្តការងាររបស់ខ្លួនខាងលើ នៅចំពោះមុខសភា។
សម្រាប់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានដើរតួរជំនួសសភា វាគ្រាន់តែជាសកម្មភាពបំភាន់ភ្នែកមតិជាតិ និងអន្តរជាតិ ក្នុងនាមជាយ៉ងរបស់យ៉ងតែប៉ុណ្ណោះ៕