លោក វ៉ា គឹមហុង ចូលឆ្លើយបំភ្លឺនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីកិច្ចការព្រំដែន តាមសំណើរលោក ពេជ្រ ស្រស់
(ភ្នំពេញ)៖ បន្ទាប់ពី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ បានដាក់សំណើផ្លូវការមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីអញ្ជើញ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅពេលខាងមុខ។
ក្រោយបានទទួលលិខិតរបស់លោក ពេជ្រ ស្រស់ លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានអោយដឹងថា អនុលោកមតាមសម្តេចតេជោ ប្រមុខរដ្ឋាភិបាលបានអនុញ្ញាត្តិ អោយលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អញ្ជើញក្នុងកិច្ចប្រជុំផ្តល់បទបង្ហាញពិគ្រោះស្វែងយល់ ក្នុងក្របខណ្ឌ័ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី១០ ខែតុលា ស្អែក ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ក្នុងលិខិតសំណើកាលពីព្រឹកម៉ិញ លោក ពេជ្រ ស្រស់ បានបញ្ជាក់ជូន សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «តបតាមកម្មវត្ថុ និងយោងខាងលើនេះ ខ្ញុំជាប្រធានប្រតិភូគណបក្សយុវជនកម្ពុជា បានសង្កេតឃើញថា មានការផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចព្រមព្រៀងចំនួន២ រវាងកម្ពុជា និងវៀតណាម ស្តីអំពីសន្ធិសញ្ញាបំពេញបន្ថែមលើការកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ និងពិធីសារខណ្ឌសីមានិងបង្គោលព្រំដែនគោកប្រទេសទាំងពីរ ដែលជាចំណុចលឿងឆ្ងល់របស់ប្រជាពលរដ្ឋខ្មែរទូទៅ ពិសេសការមិនបានយល់ច្បាស់អំពីគោលបំណងនៃសន្ធិសញ្ញាទាំងពីរខាងលើមិនបានច្បាស់លាស់ អាចជាហេតុបង្ករឲ្យមានអសន្តិសុខក្នុងសង្គមជាតិ។
ក្នុងន័យនេះខ្ញុំសូមស្នើដល់ សម្តេចតេជោ មេត្តាអនុញ្ញាតឲ្យ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំចំពោះមុខសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងគោលបំណងស្វែងរកចំណុចវិជ្ជមាន និងអវិជ្ជមានអំពីកិច្ចព្រមព្រៀងចំនួន២ រវាងកម្ពុជា និងវៀតណាម ស្តីអំពីសន្ធិសញ្ញាបំពេញបន្ថែម និងនីតិវិធីនៃការបោះបង្គោលកំណត់ព្រំដែនជាមួយនឹងប្រទេសជិតខាងមួយចំនួនទៀតផងដែរ»។
កាលពីសប្តាហ៍មុននេះ កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងចំនួន២ រួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២)៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនទីបោនខ្នាត១ លើ១០០ពាន់ ដែលបន្សល់ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលបច្ចុប្បន្នការបោះបង្គោលព្រំដែននេះ សម្រេចបានប្រមាណ ៨៤ភាគរយផងដែរ៕
ខាងក្រោមនេះជាសេចក្តីជូបដំណឹងរបស់ លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៖