លោក ពេជ្រ ស្រស់ គ្រោងអញ្ជើញលោក វា គីមហុង បកស្រាយរឿងកិច្ចការព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមកាលពីចុងសប្ដាហ៍កន្លងមកនេះបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ទាក់ទងនឹងបញ្ហាព្រំដែនរួមលើការងារខណ្ឌសីមាព្រំដែន ហើយភាគីទាំង ២ ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការស្តីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រធានគណបក្សយុវជនកម្ពុជាគ្រោងអញ្ជើញប្រធានគណកម្មការព្រំដែនមកសាកសួរជំវិញបញ្ហាព្រំដែនបច្ចុប្បន្ន។
លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមនៅរសៀលថ្ងៃទី៨ ខែតុលា នេះថា ខ្ញុំនឹងអញ្ជើញឯកឧត្តម វា គីមហុង ដើម្បីបកស្រាយអំពីកិច្ចការព្រំដែនជាពិសេសកិច្ចការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម និងប្រទេសជិតខាងមួយចំនួនទៀត ហើយការបកស្រាយរបស់ឯកឧត្តម វា គីមហុងនឹងធ្វើឡើងចំពោះមុខយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។
សូមរំលឹកផងដែរថា កាលពីពេលថ្មីៗរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមបានចេញសេចក្ដីថ្លែងការណ៍រួមនៅក្នុងឯកសារចំនួន ២ ទី១ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥។ ទី២ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្តីថ្លែងការណ៍ដដែលនេះបានឲ្យដឹងថា ភាគីទាំង ២ បានយកចិត្តទុកដាក់ជាពិសេសចំពោះការចុះហត្ថលេខានៃឯកសារច្បាប់ទាំង ២ ដែលទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកដែលសម្រេចបានមកដល់បច្ចុប្បន្ន (ប្រមាណ ៨៤%) និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំឭកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំង ២។ ភាគីទាំង ២ បានឯកភាពផងដែរក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនលើកំណាត់ព្រំដែនដែលនៅសេសសល់នាពេលអនាគតឆាប់ៗនេះ៕
អត្ថបទ៖ សុខ លាភ