តុលាការខេត្តឧត្តរមានជ័យ ចេញដីកាបញ្ជាឲ្យចាប់ខ្លួនបុគ្គល២រូប ពីបទរួមគំនិតក្បត់តាមផែនការលោកទណ្ឌិត សម រង្ស៉ី
(ឧត្តរមានជ័យ)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទ២នាក់ ពីបទ «រួមគំនិតក្បត់» តាមផែនការផ្តួលរំលំរាជរដ្ឋា ភិបាល របស់លោក សម រង្ស៉ី ដែលជាមេក្រុមឧទ្ទាមក្រៅច្បាប់។
ជនត្រូវចោទទាំង២នាក់នោះរួមមាន៖ ឈ្មោះ អូន ស៊ាន ហៅ ស៊ាន ភេទប្រុស អាយុ៤៨ឆ្នាំ ឈ្មោះ ម៉ក់ វណ្ណវទី ហៅ រុណ ភេទប្រុស អាយុ៤៧ឆ្នាំ ជាប់ចោទពីបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។
ការចោទប្រកាន់ខាងលើនេះ គឺពាក់ព័ន្ធនឹងអំពើរបស់ឈ្មោះ អូន ស៊ាន ហៅ ស៊ាន ភេទប្រុស អាយុ៤៨ឆ្នាំ ឈ្មោះ ម៉ក់ វណ្ណវុទ្ធី ហៅ រុណ ភេទប្រុស អាយុ៤៧ឆ្នាំ និងបក្ខពួក ដោយបានកៀងគរប្រជាពលរដ្ឋដែលបានចំណាក ស្រុកទៅប្រទេសថៃ ឱ្យទៅចូលរួមក្នុងផែនការផ្តលរលំរាជរដ្ឋាភិបាល ក្រោមឧបាយកល «ផែនការនៃការវិលត្រលប់មកកម្ពុជារបស់ឧក្រិដ្ឋជន សម រង្សី» ដោយអនុវត្តតាមការអំពាវនាវ របស់ឈ្មោះ សម រង្ស៊ី និងបក្ខពួក។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្របនិងនេះផងដែរឈ្មោះ អូន ស៊ាន ហៅ ស៊ាន និងឈ្មោះ ម៉ក់ វណ្ណវុទ្ធី ហៅ រុណ និងបក្ខពួក បានធ្វើសកម្មភាព កៀងគរប្រជាពលរដ្ឋដែលបានចំណាកស្រុក ទៅប្រទេសថៃ ព្រមទាំងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនិងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាល និងត្រូវប្រឈម តាមការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលត្រូវផ្តន្ទាទោសចាប់ពី ០៥ឆ្នាំ ទៅ១០ឆ្នាំ តាមប្បញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចផុតពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ ក៏បានចេញដីកាបង្គាប់ឱ្យ ចាប់ខ្លួនជនត្រូវចោទឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ពាក់ព័ន្ធការចូលរួមគំនិតក្បត់ និងការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកល «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី»៕