ចាប់ពីថ្ងៃទី០៧-០៨តុលា អជ្ញាធរអប្សរាផ្អាកការធ្វើចរាចរណ៍-ចតយានយន្ត និងលក់ដូរជាបណ្តោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត

សៀមរាប៖ នាថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០១៩​ នេះ​ ក្រុមការងារចម្រុះអន្តរក្រសួង​រួមមាន​ ឯកឧត្តម​ ង៉ាន់​ ភិរុន​ អភិបាលរងខេត្តសៀមរាប​ ឯកឧត្តម​ យិត​ ចាន់ដារដ្ឋ​ អគ្គនាយករងអាជ្ញាធរជាតិអប្សរា​ ឯកឧត្តម​ សុខ​ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ តំណាងស្នងការដ្ឋាននគរបាលខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​នានា​ បានចុះ​ត្រួតពិនិត្យ​ និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅមុខបរិវេណប្រាសាទអង្គរវត្ត​ ដេីម្បីត្រៀមរៀបចំកិច្ចប្រជុំលេីកទី១៥​ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ដែលនឹងប្រារព្ធធ្វេីចាប់ពីថ្ងៃទី០៧​ ដល់​ ១១​ ខែតុលា​ ឆ្នាំ២០១៩​ នៅខេត្តសៀមរាប។

ក្នុងនោះក្រុមការងារស្នេីឱ្យផ្អាកការធ្វើចរាចរណ៍-ចតយានយន្តគ្រប់ប្រភេទចូលក្នុងបរិវេណផ្នែកខាងលិច (ផ្លូវអក្សរ U) មុខប្រាសាទអង្គរវត្ត និងផ្អាកការលក់ដូរជាបណ្តោះអាសន្ន ចាប់ពីចំណុចស្នាក់ការនគរបាលបេតិកភណ្ឌ រហូតដល់កែងផ្លូវត្រពាំងសេះរយៈពេល០២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០១៩​ ដើម្បីរៀបចំបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និងចរាចរណ៍ឱ្យបានស័ក្តសមជាព្រះរាជាណាចក្រអច្ឆរិយៈដ៏ល្បីល្បាញ។ ចំពោះការដើរទស្សនារបស់ភ្ញៀវទេសចរអាចប្រព្រឹត្តិទៅបានជាធម្មតា។

ក្រុមការងារក៏បានគិតគូរផងដែរនូវផែនការសំខាន់នាពេលខាងមុខ​ដ៏ខ្លី ក្នុងការរៀបចំបរិវេណមុខអង្គរវត្តទាំងមូល(ចំណត​ អ្នកលក់ដូរ)​ ឱ្យមានបរិស្ថានស្អាត​ និងរបៀបរៀបរយល្អ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds