សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋកម្ពុជា-វៀតណាម ថែរក្សាបង្គោលព្រំដែន និងប្រែក្លាយព្រំដែន ទៅជាតំបន់សន្តិភាព

(ភ្នំពេញ)៖ អំឡុងពេលកម្ពុជា-វៀតណាម​ ចុះហត្ថលេខាលើឯកសារចំនួន២ ទី១៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា និងទី២៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋកម្ពុជា-វៀតណាម ថែរក្សាបង្គោលព្រំដែន និងប្រែក្លាយព្រំដែន ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍជានិច្ចនិរន្តន៍ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសយើងទាំងពីរតរៀងទៅ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សូមអំពាវនាវដល់អាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសទាំងពីរ សូមចូលរួមជាមួយគ្នាថែរក្សាបង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍជានិច្ចនិរន្តរ៍ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសយើងទាំងពីរតរៀងទៅ»។

កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះ ភាគីទាំងពីរបានបោះបង្គោល និងខណ្ឌសីមាបានចំនួន៨៤ភាគរយហើយ ដោយនៅសល់តែ ១៦% ទៀត នឹងខិតខំបន្តដោះស្រាយបញ្ចប់នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ពិធីចុះហត្ថលេខាលើឯកសារប្រវត្តិសាស្រ្តទាំងពីរនាថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះស្រាយព្រំដែនរវាងប្រទេសយើងទាំងពីរ បានបោះជំហានទៅមុខជាលំដាប់គួរឲ្យមោទនភាពបំផុត។

សម្តេចបានគូសបញ្ជាក់ថា៖ «សមិទ្ធផលផ្លែផ្កាដ៏ធំធេងដែលប្រទេសយើងទាំងពីរ សម្រេចបាននេះ កើតចេញមកដោយការស្វះស្វែងរកដំណោះស្រាយរួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ។ ជាការពិត ប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ»។

សម្តេចបានបន្តថា ជាការចាំបាច់ ដែលប្រទេសយើងទាំងពីរត្រូវសហប្រតិបត្តិការស្អិតរមួត រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ រវាងគណៈកម្មការចម្រុះព្រំដែន និងរវាងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ ដែលជាការរួមចំណែកដ៏ធំធេងមិនត្រឹមតែលើការងារ ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែបានជួយបង្កើន និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែជាទីលានប្រយុទ្ធ ចំការមីនតំបន់គេបោះបង់ចោល គ្មានមនុស្សរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មានការអភិវឌ្ឍន៍អ្វីសោះនោះឲ្យទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open