រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ផ្លូវប្រវែង២០៨គីឡូម៉ែត្រ បានខូតខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០១៩នេះ

(ភ្នំពេញ)៖ ថ្លែងក្នុងអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកយុទ្ធនាការ «បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)»នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ជំនន់ទឹកភ្លៀងនៅក្នុងឆ្នាំ២០១៩នេះ បានធ្វើឱ្យខូតខាតផ្លូវនៅទូទាំងប្រទេសអស់ប្រវែង២០៨ គីឡូម៉ែត្រ គិតពីការខូចខាត ជាកំណាត់ៗ ដែលមានរហូតដល់ជិត ២០០កំណាត់ នៅទូទាំងខេត្ត។

កម្មវិធីនេះក៏មានការសហការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ដែលគោលបំណងសំខាន់ ដើម្បីប្រកាសចាប់ផ្តើមបើកយុទ្ធនាការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសពាក់ព័ន្ធទូទាំង ២៥រាជធានី-ខេត្ត ពីបច្ចេកទេសវិធីសាស្ត្រជួសជុល និងថែទាំផ្លូវថ្នល់ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ព្រមទាំងចុះផ្សព្វផ្សាយអំពីកម្មវិធីថែទាំផ្លូវ ដល់សាធារណជនឱ្យបានកាន់តែទូលំទូលាយ។

លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា បើតាមគម្រោងផែនការ គ្រប់ការស្តានិងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ និងធ្វើឱ្យបានហើយក្នុងរយៈពេល៨ខែ ក្នុងនោះដែរគ្រប់ការស្តារ និងជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងថែទាំផ្លូវនៅទូទាំងរាជធានីខេត្ត និងចាប់ផ្តើមធ្វើតំណាលគ្នាតែម្តងបន្ទាប់ពីលែងមានភ្លៀង ដោយថវិកាគឺមានគ្រប់អស់ហើយនៅឡើងតែយើងប្រើមិនទាន់បាន ដោយសារតែរដូវភ្លៀងមិនអាចជួសជុលផ្លូវបាន។

លោក ស៊ុន ចាន់ថុល បន្ថែមថា ក្នុងប្រតិបត្តិការជួសជុល និងថែទាំផ្លូវក្នុងពេលខាងមុខឆាប់ៗនេះផងដែរ លោកបានដាក់បញ្ជារដាច់ខាតដែរថា ក្រុមហ៊ុនចិន និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវតែធ្វើការស្រោចទឹកឱ្យបានច្រើន ដើម្បីការពារកុំឱ្យមានការហុយដីខ្លាំងទៅលើប្រជាពលរដ្ឋធ្វើដំណើរ និងរស់នៅក្បែរដងផ្លូវខ្លាំងពេក៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open