ACU គាំទ្រវិស័យឯកជន ដែលប្រកបធុរកិច្ចស្អាតស្អំនៅកម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងពិធីអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចូលរួមរបស់ធុរកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា» ដែលបានធ្វើឡើងនៅសណ្ឋាគារសាន់វេភ្នំពេញនៅព្រឹកថ្ងៃទី២ ខែតុលានេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងថា ACU គាំទ្រគ្រប់រូបភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដល់វិស័យឯកជនទាំងអស់ ក្នុងការប្រកបធុរកិច្ចស្អាតស្អំនៅកម្ពុជា។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា សិក្ខាសាលាខាងលើនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀងគរ ការចូលរួមរបស់សហគមន៍ធុរកិច្ចនៅកម្ពុជា រួមជាមួយតំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល ដើម្បីពិភាក្សាលើការរួមគ្នា ដោះស្រាយបញ្ហាអំពើពុករលួយក្នុងវិស័យឯកជនដោយកំណត់នូវ ឧត្តមានុវត្តន៍នៃការពង្រឹងការបង្ការទប់ស្កាត់អំពើពុករលួយក្នុងកិច្ចលទ្ធកម្មសាធារណៈ និងបញ្ហាអំពើពុករលួយនៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ, ដំណោះស្រាយ និងការពង្រឹងសុចរិតភាពធុរកិច្ចក្នុងវិស័យឯកជន។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា សិក្ខាសាលានេះ ក៏បានចែករំលែកបទពិសោធន៍ពីភាគីពាក់ព័ន្ធជាអ្នកជំនាញ អ្នកអនុវត្តផ្ទាល់លើការងារ មកពីអង្គការអន្តរជាតិស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលយ៉ាងប្រទាក់ក្រឡាគ្នា ក្នុងក្របខ័ណ្ឌបទដ្ឋានអន្តរជាតិនៃការប្រឆាំងអំពើពុករលួយក្នុងវិស័យឯកជន, ក្របខ័ណ្ឌច្បាប់សម្រាប់ការដោះស្រាយអំពើពុករលួយ ប្រឈមដោយធុរកិច្ចនៅកម្ពុជា, អភិក្រមក្រុមហ៊ុនធានានូវសុចរិតភាពធុរកិច្ច និងការអនុវត្តការបង្ការទប់ស្កាត់អំពើពុករលួយ ក៏ដូចជាលើកកម្ពស់សកម្មភាពរួម សម្រាប់សុចរិតភាពធុរកិច្ច។

ជាមួួក្នានេះដែរលោកក៏បានលើកទឹកចិត្តដល់អ្នកចូលរួមក្នុងសិក្ខាសាលាស្តីពី «ការចូលរួមរបស់ធុរកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា» ទាំងអស់នេះ តាមរយៈការទទួលយកបទពិសោធន៍ ដែលបានចែករំលែកដោយភាគីពាក់ព័ន្ធកម្រិតជាតិ អន្តរជាតិ ពីវិស័យសាធារណៈឯកជន និងអង្គការសង្គមស៊ីវិល លើកឡើងពិភាក្សារកដំណោះស្រាយលើបញ្ហាដែលខ្លួនជួបប្រទះ និងរួមគ្នាកំណត់នូវឧត្តមានុវត្តន៍នៃការបង្ការទប់ស្កាត់អំពើពុករលួយតាមរយៈគំនិតផ្តួចផ្តើមផ្សេងៗស្របតាមបរិបទ និងកាលៈទេសៈជាក់ស្តែង។

សូមបញ្ជាក់ដែរថា សិក្ខាសាលាស្តីពីការចូលរួមរបស់វិស័យធុរកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា សហការរៀបចំដោយស្ថាប័នចំនួន៥ រួមមាន ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ(UNODC), អង្គភាពប្រឆាំងអំពើពុករលួយ, សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham), តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ), សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds