ក្រឡាប់រថយន្តខ្លួនឯង សម្លាប់ស្រ្តី ៥នាក់ នៅកំពង់ធំ
កំពង់ធំ៖ យ៉ាងហោចណាស់ស្រី្ត ៤នាក់ បានស្លាប់នៅហ្នឹងកន្លែង និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការស្លាប់ស្រ្តី ៥នាក់ ក្នុងហេតុការណ៍គ្រោះនេះ ដោយសារតែបើករថយន្តក្នុងល្បឿនលឿនក្នុងស្ថានភាពផ្លូវកោងហើយក្រឡាប់ជាច្រើនត្រឡប់ ដែលស្ថិតនៅផ្លូវជាតិលេខ៦ ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីម៉ោង៤និង២០នាទីទៀបភ្លឺ នៅពីព្រឹកថ្ងៃទី២ ខែតុលា នេះ។
ស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល បានឱ្យដឹងថា រថយន្ដដែលជួបគ្រោះថ្នាក់ក្រឡាប់នោះ ម៉ាកបាឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-6715។ លោក បញ្ជាក់ថា តាមការសន្និដ្ឋានបឋម រថយន្តដែលក្រឡាប់នេះ បើកបរក្នុងល្បឿនលឿនជ្រុល និងមិនបានស្គាល់ពីស្ថានភាពផ្លូវកោង។
លោក ស្នងការបានឱ្យដឹងទៀតថា ជនរងគ្រោះទាំង ៥នាក់ ដែលស្លាប់ក្នុងហេតុណ៍ក្រឡាប់រថយន្តខ្លួនឯង ទី១. ឈ្មោះ ឌុក វល្ល័ក្ខ ជាមន្ដ្រីនគរបាលនៅក្រសួងមហាផ្ទៃ ជាអ្នកបើកបររថយន្ត។
ទី២. ឈ្មោះ អួន ចាន់ធារី អាយុ៣៤ឆ្នាំ រស់នៅភូមិទី៤ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ទី៣. ឈ្មោះ ឡាច ស្រីម៉ុម អាយុ២៦ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ
ទី៤. ឈ្មោះ ដុក ចាន់វលក្ខ័ណ៍ អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទី៥. អ្នករួមដំណើរមិនទាន់ស្គាល់អត្តសញ្ញាណ។
បច្ចុប្បន្ន សពជនរងគ្រោះទាំង៥នាក់ បានតម្កល់ទុក នៅមន្ទីរពេទ្យខេត្ត ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕