សម្តេចតេជោ ៖ បុណ្យអុំទូកឆ្នាំនេះ នៅតែប្រារព្ធធម្មតា ទោះកម្រិតទឹកទន្លេស្រកសល់ត្រឹម១ម៉ែត្រ

(ភ្នំពេញ)៖  ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជាង១ពាន់នាក់ នៅថ្ងៃទី២ ខែ តុលា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ជាធម្មតាសម្រាប់ឆ្នាំ២០១៩នេះ ទោះបីជា លោក សម រង្ស៉ី មានផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃ០៩ ខែវិច្ឆិកា ខាងមុខនេះ ដែលចំពេលអុំទូកក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ថា កាលមុនទឹកធំពេកក៏យើងមិនអុំ ទឹកតូចពេកក៏យើងមិនអុំ ប៉ុន្តែឆ្នាំនេះ បើទោះបីជាទឹកនៅតែ១ម៉ែត្រ ក៏ត្រូវតែអុំដែរ ព្រោះខ្ញុំក៏ចង់ស្គាល់រស់ជាតិរបស់ដែលហៅថា “មកផ្តួលរំលំ ហ៊ុន សែន” នៅថ្ងៃទី០៩ (វិច្ឆិកា)” ព្រោះយើង ថ្ងៃទី១០-១១-១២ យើងអុំទូក បើយើងមិនអុំទូក វាថាយើងហ្នឹងចាញ់»។ សម្តេចថា បុណ្យអុំទូកនៅតែរៀបចំបាន ទោះកម្រិតទឹកទន្លេស្រកសល់ត្រឹម១ម៉ែត្រ។

សម្តេចតេជោ ហ៊ុន​ សែន បានបន្ថែមថា «មានតែ១ម៉ែត្រ ក៏អុំដែរ ដើម្បីសំពងក្បាលអ្នកឯង ខ្ញុំបន់ឱ្យតែដល់ថ្ងៃនោះទេ»។ សម្តេចបន្តថា កាលមុនទឹកនៅសល់៣ម៉ែត្រ រាជរដ្ឋាភិបាលអត់រៀបចំពិធីបុណ្យអុំទូកទេ ឆ្នាំទៅមុននេះទឹកមានកម្ពស់៥ម៉ែត្រ ដែលអាចរៀបចំពិធីបុណ្យអុំទូកបាន តែឆ្នាំនេះ បើធ្លាក់នៅត្រឹម១ម៉ែត្រ ក៏ត្រូវតែអុំដោយយកទូកតូចទៅអុំ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds