ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា គ្រប់ប្រទេសនៅលើពិភពលោក ការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលដោយកម្លាំងប្រដាប់អាវុធគឺជាទង្វើខុសច្បាប់
កណ្តាល៖ ថ្លែងក្នុងឱកាសឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ របស់បញ្ជាការដ្ឋានអង្គរក្ស និងខួបអនុស្សាវរីយ៍លើកទី១០ ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា គ្រប់ប្រទេសនៅលើពិភពលោក ការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលកម្លាំងប្រដាប់អាវុធគឺជាទង្វើខុសច្បាប់ មិនថាប្រទេសប្រជាធិបតេយ្យ ឬប្រទេសណានោះទេ ហើយកងកម្លាំងប្រដាប់អាវុធ មិនអាចជាឧបករណ៍បំផ្លាញសុខសន្តិភាព មិនអាចជាឧបករណ៍បម្រើមហិច្ឆតានយោបាយរបស់គណបក្ស ឬអ្នកនយោបាយណាដែល មិនគោរពព្រះមហាក្សត្រ ដែលមិនគោរពរដ្ឋធម្មនុញ្ញ នោះទេ។
មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅសំខាន់២ នៃគោលនយោបាយការពារជាតិរបស់យើង គឺការធ្វើឲ្យមានសន្តិភាពឋិតថេរយូរអង្វែង និងការកសាងអាកាសសម្រាប់កម្ពុជា។ សន្តិភាពស្ថិរភាពនយោបាយ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមាននៅក្នុងពេលបច្ចុប្បន្ន កំពុងក្តាប់ឱកាសដ៏ប្រពៃសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរៈភូមិន្ទ។ ដូច្នេះកិច្ចការស្នូលអាទិភាពចាំបាច់ និងមានសារសំខាន់បំផុតដែលកងយោធពលខេមរភូមិន្ទ ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត និងទទួលខុសត្រូវដើម្បីធានាបានទាំងស្រុង នូវសុខសន្តិភាពស្ថិរភាពសន្តិសុខស្ថិតស្ថេរយុវវ័យកសាងឱកាសសម្រាប់អភិវឌ្ឍន៍ជាតិ និងបន្តលើកកម្ពស់កិច្ចសហប្រជាជាតិឱ្យបានកាន់តែទូលំទូលាយ។
កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា អ្នកដែលមានគោលបំណងបំផ្លិចបំផ្លាញសុខសន្តិភាពគឺតែងតែញុះញង់ ដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធឲ្យចូលរួមដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែនៅគ្រប់ប្រទេសនៅលើពិភពលោក ការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល កម្លាំងប្រដាប់អាវុធគឺជាការខុសច្បាប់ មិនថាប្រទេសប្រជាធិបតេយ្យ ឬប្រទេសណានោះទេ។ គ្មានអ្វីដែលនាំឲ្យមានសេចក្តីសុខដល់ប្រទេសជាតិយើង តាមរយៈការវាយប្រហារគ្នានោះទេ។ មិនចាំបាច់មើលដល់៤០ឆ្នាំមុនទេ មើលតែប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាសព្វថ្ងៃ តើមានប្រទេសណាមួយដែលមានសេចក្តីសុខ?
ចំពោះយុវជនជំនាន់ក្រោយ អ្នកដែលមិនបានឆ្លងកាត់សង្គ្រាមត្រូវចាំថា គោលដៅធំបំផុតរបស់យើងត្រូវថែរក្សាឲ្យបាននូវសុខសន្តិភាពដើម្បីប្រជាពលរដ្ឋ និងកូនចៅយើងគ្រប់ជំនាន់តទៅទៀត។ សូមកុំឲ្យសុខសន្តិភាពបាត់បង់ ហើយកុំចង់សាកនៅពេលដែលវាបាត់បង់។ ប៉ុន្តែមានអ្នកនយោបាយខ្លះ នៅតែចង់បំផ្លាញសុខសន្តិភាព ដោយញុះញង់ បំផុសបំផុលកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាលធ្វើឲ្យប្រទេសខ្ទេចខ្ទាំ ប្រជាជនលំបាកវេទនាដើម្បី មហិច្ឆតានយោបាយរបស់ខ្លួន។ ដូច្នេះកងកម្លាំងប្រដាប់អាវុធត្រូវតែច្បាស់លាស់ដាច់ខាត មិនអាចជាឧបករណ៍បំផ្លាញសុខសន្តិភាព មិនអាចជាឧបករណ៍បម្រើមហិច្ឆតានយោបាយរបស់គណបក្ស ឬអ្នកនយោបាយណាដែលមិនគោរពព្រះមហាក្សត្រ ដែលមិនគោរពរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ ដែលបោះឆ្នោតមិនឈ្នះហើយទៅបបួលគេធ្វើរដ្ឋប្រហារ។ ដូច្នេះកុំឲ្យមានប្រវត្តិសាស្ត្រដូចអតីតកាល៕
អត្ថបទ៖ សុខ លាភ