គ្រោះអគ្គិភ័យទូទាំងប្រទេស ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ កើតឡើង៣០លើក សម្លាប់មនុស្ស២នាក់ និងរបួស៨នាក់
ភ្នំពេញ៖ នាយកដ្ឋាននគរបាល បង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញរបាយការណ៍ពី គ្រោះអគ្គិភ័យនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទូទាំងប្រទេសកើតឡើង មានចំនួន ៣០លើក សម្លាប់មនុស្ស២នាក់ និងរបួស៨នាក់។
យោងតាមរបាយការណ៍ខាងលើ បានបញ្ជាក់ទៀតថា អគ្គិភ័យដែលកើតឡើងទាំង ៣០លើកនេះ ក្រៅពីសម្លាប់មនុស្ស២នាក់ និងរបួស ៨នាក់ហើយនោះ ក៏បានបំផ្លាញផ្ទះ២៩ខ្នង បន្ទប់១បន្ទប់ បឹងហ្គាឡូ២ខ្នង តូបលក់គ្រឿងទេស២តូប និងរោងសិប្បកម្មបាយក្ដាំង១ខ្នង។
ចំណែកមូលហេតុ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី១៥លើក ភ្លើងទៀនធូក១លើក ផ្ទុះហ្គាស៣លើក ក្មេងលេងភ្លើង២លើក ដុតផ្ទះខ្លួនឯង៤លើក ឆាបសាំង១លើក បាក់បំពង់បឺតផ្សែង១លើក រថយន្ដបុកម៉ូតូ១លើក និងក្ដាប់មិនបាន២លើក។
សូមបញ្ជាក់ថា បើបៀបធៀបទៅរយៈពេល១៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨ គ្រោះអគ្គិភ័យមានការកើនឡើងចំនួន១២លើក៕
អត្ថបទ៖ សុខ លាភ