សម្តេចក្រឡាហោម ស ខេង កម្ពុជានៅតែបើកកិច្ចចរចា ដើម្បីរក្សាEBA
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងពីសហរដ្ឋអាមេរិក កម្ពុជានៅតែព្យាយាមបើកកិច្ចចរចា ដើម្បីរក្សាការអនុគ្រោះពន្ធនេះ និងមានជំហរបន្តទំនាក់ទំនងការទូតល្អជាមួយអឺរ៉ុប និងអាមេរិកដដែល។
សម្ដេចក្រឡាហោម ស ខេង ថ្លែងចេញពីក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាសណ្ឋាគារក្នុងក្រុង SCHWABISCH GMUND នៃរដ្ឋសហព័ន្ធ BADEN- WURTTEMBERG បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏មានការរៀបចំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដោយបានធ្វើវេទិកាសាធារណៈនៅគ្រប់មូលដ្ឋានប្រជាពលរដ្ឋដើម្បីប្រមូលយកមតិយោបល់ កង្វល់ និងសំណូមពរនានាពីប្រជាពលរដ្ឋ ហើយតាមរយៈយន្តការនេះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានដោះស្រាយបញ្ហាប្រជាពលរដ្ឋយ៉ាងច្រើន និងប្រកបដោយប្រសិទ្ធភាព។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ជំរាបទៅកាន់ជនរួមជាតិខ្មែររស់នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដោយសម្ដេចបានលើកឡើងអំពីការប៉ុនប៉ងមិនចេះចប់មិនចេះ ហើយរបស់ក្រុមមដឹកនាំអតីតគណបក្សប្រឆាំងនៅក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់៕
អត្ថបទ៖សុខ លាភ