នាយការិយាល័យ​បុគ្គលិក​ នឹងស្នងការរង​ខេត្តបាត់ដំបង ម្នាក់ត្រូវគ្រួសារសពមន្ត្រីនគរបាលទូទាំងខេត្តចោទថា ស៊ីដាច់លុយរាប់រយលានរៀល

ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ សាម៉ុន ស្នងការរង​នគរបាល​ខេត្តបាត់ដំបង និង​លោក​វរសេនីយ៍ទោ វេ គឹម​ស៊ីម នាយការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ គឺជា​រឿង​មិនអាច​បិទបាំង​បានឡើយ​។ ភស្ដុតាង​នៃ​អំពើពុករលួយ​របស់លោក សៅ សាម៉ុន និង​លោក វេ​ង គឹម​ស៊ីម ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ក្នុង​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​រៀល ហេតុនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិនគួរ​មើលរំលង​តទៅទៀត​ទេ​។ លើស​នេះ​ទៅទៀត​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​លោក សៅ សាម៉ុន និង​លោក វេ គឹម​ស៊ីម ឲ្យ​បាន​ស៊ីជម្រៅ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់​។

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ សាម៉ុន ស្នងការរង​នគរបាល​ខេត្តបាត់ដំបង ទទួលបន្ទុក​ផែន​ធនធានមនុស្ស​និង​លោក​វរសេនីយ៍ទោ វេ គឹម​ស៊ីម នាយការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មិនអាច​បិទបាំង​តទៅទៀត​បានទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រឿងអាស្រូវ​របស់លោក សៅ សាម៉ុន និង​លោក វេ គឹម​ស៊ីម ទាក់ទង​ទៅនឹង​ការ​ស៊ីដាច់​លុយ​ខ្មោច​មន្ត្រីនគរបាល​រាប់រយ​លាន​រៀល​កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​ជុំ​ទិស​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សៅ សាម៉ុន និង​បក្ខពួក​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សៅ សាម៉ុន បាន​ឲ្យ​ដឹងថា លោក សៅ សាម៉ុន និង​លោក វេ គឹម​ស៊ីម បាន​ឃុបឃិត​គ្នា​កេង​ប្រ​វញ្ច​ប្រាក់​សមាគម​មិត្ត​នគរបាល​ឬ​ថវិកា​ឧបត្ថម្ភ​ជាច្រើន​នាក់ បើ​សរុប​មិនតិចជាង​២០០​ទៅ​៣០០​លាន​រៀល​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណី​លោក សៅ សាម៉ុន និង​បក្ខពួក​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​អំពើ​ចិត្ត គឺ​គ្មាន​មន្ត្រី​ថ្នាក់ក្រោម​ណា​ហ៊ាន​តវ៉ា​នោះឡើយ ហើយក៏​គ្មាន​ក្រុមមន្ត្រី​អធិការកិច្ច​នៃ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​អ្វី​ដែរ​។ កត្តា​នេះហើយ​ទើប​លោក សៅ សាម៉ុន និង​លោក វេ គឹម​ស៊ីម ព្រមទាំង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។

​បើតាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា លោក សៅ សាម៉ុន និង​លោក វេ គឹម​ស៊ីម ព្រមទាំង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​ឆ្នាំ​មកហើយ​។ ដូច្នេះហើយ​ទើប​ក្រុមគ្រួសារ​នៃ​សព​មន្ត្រីនគរបាល​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​លាតត្រដាង​បញ្ហា​នេះ​ជា​សាធារណៈ ហើយ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សៅ សាម៉ុន និង​លោក វេ គឹម​ស៊ីម ព្រមទាំង​បក្ខពួក​ជាបន្ទាន់​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សៅ សាម៉ុន និង​បក្ខពួក​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ផងដែរ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open