ដីព្រៃជាង១ពាន់ហិកតា ក្នុងដែនអភិរក្សត្រូវបានគេឈូសឆាយលក់បន្តគ្នា

 

កំពង់ស្ពឺ៖ ដីព្រៃជាង១ពាន់ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ត្រូវបានគេឈូសឆាយលក់តគ្នាជាបន្តបន្ទាប់ ក្រោយមកបែកធ្លាយព័ត៌មានដល់សមត្ថកិច្ចថ្នាក់ជាតិ ទើបមានការចុះពិនិត្យ និងស្រាវជ្រាវសួរនាំ។

លោក ស សាពុទ្ធត្រា អភិបាលរងខេត្ត បានដឹកនាំអាជ្ញាធរស្រុក និងសមត្ថកិច្ចដែលពាក់ព័ន្ធចុះទៅដល់ទីតាំងខាងលើកាលពីពេលកន្លងទៅថ្មីៗនេះ ដោយបានសួរនាំធ្វើកំណត់ហេតុជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាដើម។

ប្រភពព័ត៌មានពីអ្នកភូមិដែលអ្នកសារព័ត៌មានទទួលបាន រឿងដីព្រៃដែលគេលក់តគ្នានោះ ត្រូវគេសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងអាជ្ញាធរស្រុកឱរ៉ាល់ និងមន្ត្រីបរិស្ថានមួយចំនួន ក្នុងនោះមានដូចជាលោក មួង ធី អភិបាលស្រុក លោក ប៊ុន វិចិត្រ អភិបាលរងទទួលបន្ទុកដោះស្រាយវិវាទដីធ្លី និងលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ។

ប្រភពបានឱ្យដឹងថា ដីព្រៃជាង១ពាន់១រយហិកតាជាដីព្រៃក្នុងចំណោមដីជាច្រើនទៀតដែលគេឃុបខិតគ្នាយកទៅលក់ និងយកជាសម្បត្តិឯកជន ដោយកន្លងទៅគេឃើញសកម្មភាពសាច់ញាត្តិលោក ប៊ុន វិចិត្រ និងគ្នីគ្នាធ្លាប់រកស៊ីដីជាមួយលោកដើរប្រមូលទិញដីព្រៃរបស់រដ្ឋក្រោមរូបភាពប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងលក់ទៅឱ្យឈ្មួញ រីឯលោក ប៊ុន វិចិត្រ ជាអ្នកសម្របសម្រួលក្នុងនាមអាជ្ញាធរ និងប្រពន្ធរបស់លោកក៏ជាម្ចាស់ក្រុមហ៊ុនគ្រឿងចក្រសម្រាប់បំរើដល់ការឈូសឆាយដីព្រៃនៅតំបន់ខាងលើ ដែលកត្តានេះហើយកើតជាការសង្ស័យថា លោក ប៊ុន វិចិត្រ នៅពីក្រោយសកម្មភាពនេះ។

ទាក់ទងការលើកឡើងនេះដែរលោក ប៊ុន វិចិត្រ នឹងលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឱ្យដឹងថា រឿងខាងលើគឺជាការយល់ច្រឡំ ហើយលោកកំពុងតែធ្វើកិច្ចការនេះជាមួយថ្នាក់ដឹកនាំហើយ។ លោកមិនពាក់ព័ន្ធទេ ព្រោះកាលដែលលោកមកកាន់តំណែងជានាយកដែន គឺក្រោយពេលដីទាំងនោះត្រូវគេគ្រប់គ្រង និងលក់ដូរ។

អត្ថបទ ៖ សុខ លាភ​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open