មេបញ្ជាការកងទ័ពជើងគោក ប្រទេសជាតិមានសុខ សន្ដិភាពដូចសព្វថ្ងៃ គឺដោយសារកងកម្លាំងប្រដាប់អាវុធជឿជាក់លើរាជរដ្ឋាភិបាល និងស្មោះត្រង់ចំពោះព្រះមហាក្សត្
(កំពង់ស្ពឺ)៖ ក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនត្រូវចូលនិវត្តន៍ឆ្នាំ២០១៩ របស់យោធភូមិភាគទី៣ និងកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោក នៅបញ្ជាការដ្ឋានភូមិភាគទី៣ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការដែលប្រទេសកម្ពុជា មានសុខសន្តិភាពដល់សព្វថ្ងៃនេះ គឺដោយសារការជឿទុកចិត្តរបស់កងកម្លាំងប្រដាប់អាវុធចំពោះរដ្ឋាភិបាល និងភាពស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាទាំងអស់នេះ ក៏ដោយសារការគ្រប់គ្រងកម្លាំងច្បាស់លាស់ ការមានជំហរនឹងនររបស់កងទ័ព គឺជាការធានាបាននូវសុខសន្តិភាព ហើយអាចការពារបាននូវទង្វើក្បត់ជាតិ ទង្វើចង់ផ្ដួលរំលំ និងទង្វើចង់បំផ្លាញសុខសន្តិភាព។
មេទ័ពជើងគោករូបនេះ បានបន្ដទៀតថា អ្វីដែលត្រូវខំបន្តទៀត គឺគោលនយោបាយ និងការយកចិត្តទុកដាក់រាជរដ្ឋាភិបាល ដូច្នេះសូមពូមីងបន្តជឿ ទុកចិត្តចំពោះគោលការណ៍ និងផែនការរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងបន្តយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជនជាបន្តទៀត និងសូមចូលរួមថែរក្សាសុខសន្តិភាព ដែលរកដោយលំបាក និងបន្តធ្វើយ៉ាងណាកុំឲ្យកូនចៅជំនាន់ក្រោយលំបាកដូចជំនាន់មុនទៀត។
លោកថា ការជួបជាមួយអ៊ំពូមីងដែលមានជីវិត ដើម្បីថ្លែងអំណរគុណចំពោះគុណូបការៈ ដែលបំពេញភារកិច្ចការពារជាតិមាតុភូមិ ការទប់ស្កាត់របបប្រល័យពូជសាសន៍ និងការធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ប្រជាជនមានភាពសម្បូរសប្បាយ មានឱកាសធ្វើបុណ្យធ្វើទាន។ កម្ពុជា បញ្ចប់សង្គ្រាមដោយសារយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន គឺមានការចូលរួមពីអ៊ុពូមីង ដែលឆ្លងកាត់សមរភូមិជាច្រើន ហើយអ៊ុពូមីងដែលមានជីវិតដល់សព្វថ្ងៃ គឺមានសំណាង នៅបានមើលចៅ ខុសពីយុទ្ធមិត្តរបស់អ៊ុពូមីងដែលបានបាត់បង់ជីវិត។
ជាមួយគ្នានេះដែរ ការបំពាក់ឋានន្តរសក្តិនេះ គឺជាការផ្ដល់កិត្តិយស និងលើកស្ទួយកម្រិតជីវភាព តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់បៀវត្ស ការផ្ដល់គោលរបប និងសេវាផ្សេងៗ ទាំងក្នុងដំណាក់កាលបំពេញភារកិច្ច និងក្រោយពេលបំពេញភារកិច្ច តាមរយៈការក្រសួងសុកិច្ច និងសមាគមអតីតយុទ្ធជន។ គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនត្រឹមតែជួយដល់អតីតយុទ្ធជននោះទេ គឺជួយដល់គ្រួសារ និងកូនចៅអតីតយុទ្ធជន៕
អត្ថបទ៖ សុខ លាភ