ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវអគ្គីភ័យឆាបឆេះ បាត់បង់ទ្រព្យសម្បត្តិជិត ១ម៉ឺនដុល្លារ
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ត្រូវអគ្គីភ័យបានឆាបឆេះកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បណ្តាលឲ្យរងការខូចខាត ទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ជិត ១ម៉ឺនដុល្លារ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សែម វាំង ភេទប្រុស អាយុ៨០ឆ្នាំមុខរបរលក់ដូរ ផ្ទះធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា ការខូចខាតរួមមានឆេះផ្ទះ១ខ្នងទាំងស្រុងទំហំ៦ម៉ែត្រx១២ម៉ែត្រ,ប្រាក់ដុល្លាចំនួន៣០០០ដុល្លា
,ប្រាក់រៀលចំនួន៣៥០០០០០រៀល,មាសចំនួន៣ជី៥ហ៊ុន និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ ។ មូលហេតុ:ឆ្លងចរន្តអគ្គិសនី ។
សមត្ថកិច្ចបន្តទៀតថា ករណីខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្តអស់ចំនួន ២គ្រឿងស្មើនិង ៨ម៉ែត្រគុប ទើបរលត់ទៅវិញទាំងស្រុង ហើយមិនបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់មនុស្សនិងឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ ៕
អត្ថបទ៖ សុខ លាភ