លោក សោម អូន ប្រាក់ឈ្នួល ១៩០$/១ខែ គឺស្មើនឹងប្រាក់ឈ្នួលខ្ពស់បំផុត នៅប្រទេសវៀតណាម
(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៅឆ្នាំ២០២០ ឡើងដល់ចំនួន១៩០ដុល្លារ ក្នុង១ខែ គឺស្មើនឹងប្រាក់ឈ្នួលអប្បបរមាតំបន់ខ្ពស់បំផុត នៅប្រទេសវៀតណាម។ នេះជាការលើកឡើងរបស់ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន ។
លោក សោម អូន ដែលមានបទពិសោធន៍ ចូលរួមចរចាប្រាក់ឈ្នួលកម្មករតាំងពីទស្សវត្សឆ្នាំ៩០ បានឲ្យដឹងថា នៅពេលនោះសម្លេងភាគច្រើន នៃសមាជិកអង្គប្រជុំបានបោះឆ្នោតយកទូរលេខ១៨៧ដុល្លារ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែមចំនួន៣ដុល្លារទៀត ស្មើ១៩០ដុល្លា ។
លោក បានបន្ថែមថា នៅប្រទេសវៀតណាម ប្រាក់ឈ្នួលអប្បបរមាគេចែកជា៤តំបន់ខុសៗគ្នា គឺតំបន់១ជាតំបន់ខ្ពស់បំផុត ចំនួន១៩០ដុល្លារ, តំបន់២ចំនួន១៦៨ដុល្លារ, តំបន់៣ចំនួន១៤៣ដុល្លារ និងតំបន់៤ចំនួន១៣២ដុល្លារ។ នយោបាយផ្តល់ប្រាក់ឈ្នួល ទៅតាមតំបន់ខុសៗគ្នា គឺជាសក្តានុពល ប្រកួតប្រជែង និងទាក់ទាញអ្នកវិនិយោគឲ្យចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារនៅតាមបណ្តាខេត្ត ឬតំបន់ដាច់ស្រយាល ដែលមានប្រាក់ឈ្នួលទាប និងទទួលបានផលចំណេញច្រើន។
មេសហជីពនៅកម្ពុជារូបនេះ ថា ជាធម្មតាអ្នករកស៊ីគេគិតពីភាពចំណេញជាធំ ខុសពីការងារមនុស្សធម៌ ដែលមិនគិតពីភាពចំណេញ ដូចនេះអ្នកវិនិយោគ តែងតែសម្លឹងមើលទៅលើតារាងប្រាក់ឈ្នួលកម្មករ នៃប្រទេសនីមួយៗ មុននឹងសម្រេចចិត្តដាក់ទុនវិនិយោគ។
ទោះបីមានការព្រួយបារម្មណ៍ ក្នុងភាពប្រកួតប្រជែងក៏ដោយ ក្នុងនាមលោកជាអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាតំណាងភាគីសហជីពកម្មករ លោកសូមចូលរួមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតទាំងអស់ ដែលនឹងទទួលបានប្រាក់ឈ្នួលទាបបំផុត១៩០រ ដុល្លានៅឆ្នាំ២០២០។ នេះជាការបញ្ជាក់របស់ លោក សោម អូន ។
បើបូកបន្ថែមជាមួយអត្ថប្រយោជន៍ដែលមានចែងក្នុងច្បាប់ គឺបងប្អូនកម្មករធ្វើការតែ៨ម៉ោង នឹងទទួលបាន២០៧ដុល្លារក្នុង១ខែ។ ជាមួយនេះដែរ បើសិនជាធ្វើការបន្ថែមម៉ោង និងបូកបញ្ចូលរួមជាមួយអត្ថប្រយោជន៍ផ្សេងៗទៀត ដែលមិនមានចែងក្នុងច្បាប់ ប្រាក់ឈ្នួលបងប្អូនកម្មករ នឹងកើនឡើងលើស២០៧ដុល្លារ ដល់៣០០ដុល្លារ ក្នុង១ខែសម្រាប់កម្មករធម្មតា ប៉ុន្តែបើសិនជាកម្មករមានជំនាញ គឺនឹងទទួលបានលើស៣០០ដុល្លារ៕
អត្ថបទ៖ សុខ លាភ