លោក ប៉ាវ ស៊ីណា នៅឆ្នាំ២០២០ នេះ ថៅកែរោងចក្រ ពិតជាទទួលលាបធំផ្ទួនៗគ្នាមែន
(ភ្នំពេញ)៖ មេដឹកនាំសហជីពកម្មករ ១រូប ក្នុងចំណោមមេដឹកនាំសហជីពកម្មករកាត់ដេរ ១៧រូប ដែលជាភាគីនិយោជិត តំណាងឲ្យកម្មករកាត់ដេរ ចូលរួមចរចាទាមទារឡើងប្រាក់ខែកម្មករកាត់ដេរ សម្តែងការសោកស្តាយ និងការសម្រេចដំឡើងប្រាក់ខែដល់កម្មករកាត់ដេរ នៅឆ្នាំ២០២០ ត្រឹមតែចំនួន ១៩០ដុល្លារ។
លោក ប៉ាវ ស៊ីណា បានអោយដឹងថា ក្នុងចំណោមមេដឹកនាំសហជីពកម្មករ ១៧រូប គឺមានតែមេដឹកនាំសហជីពកម្មករ ៨រូបទេ ដែលបានបោះឆ្នោត គាំទ្រតួលេខរបស់ភាគីសហជីពកម្មករ ដែលទាមទារឡើងប្រាក់ខែកម្មករកាត់ដេរ នៅឆ្នាំ២០២០ ចំនួន ១៩៥ ដុល្លារ។ លោកប៉ាវស៊ីណា ហួសចិត្ត ព្រោះថា សូម្បីតែតួលេខរបស់សហជីពខ្លួនឯង ក៏មេដឹកនាំសហជីពកម្មករ ៩រូបទៀត មិនបានបោះឆ្នោតគាំទ្រឡើយ។
សរសេរបង្ហោះលើហ្វេសប៊ុក ក្រោយចេញពីកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា លោក ប៉ាវ ស៊ីណា បានលើឡើងថា “ឆ្នាំនេះ ថៅកែរោងចក្រ ពិតជាទទួលលាបធំផ្ទួនៗគ្នាមែន។ គ្រាន់តែលប់ថ្ងៃឈប់សម្រាក ៦ថ្ងៃ គឺចំណេញ ជាង ៤០ ដុល្លារ ទៅហើយ ក្នុងកម្មករម្នាក់ៗ រីឯការដំឡើងប្រាក់ខែ អោយកម្មករ ក៏តិចតួចទៀត។ បើគិតតែសាច់លុយ ដែលនិយោជកដំឡើងអោយកម្មករ ហើយកុំបូកបញ្ចូល និងប្រាក់ឧបត្ថម្ភ 3$ ពីរាជរដ្ឋាភិបាល វិញ ពោលគឺ ដំឡើងបានតែ 5$ ប៉ុណ្ណោះ ហើយបើយកមកកាត់កង និងការលប់ថ្ងៃឈប់សម្រាក 6ថ្ងៃ គឺ និយោជកដំឡើងអោយកម្មករតែ 1.5 ដុល្លារ ប៉ុណ្ណោះ”។
លោកប៉ាវស៊ីណា បន្ថែមថា “ម្យ៉ាងសូម្បីតែ តំណាងសហជីពកម្មករ ចំនួន 17រូប មាន 9រូប នៅក្នុងក្រុមចរចា ក៏មិនគាំទ្រតួលេខ 195$ ដែលជាតួលេខរបស់កម្មករខ្លួនឯងដែរ។ ពិតជាមហាលាបមែន !! នេះគ្រាន់តែជាការ គណនា លេងៗប៉ុណ្ណោះ”។
សូមរម្លឹកថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី រវាងភាគីនិយោជិត តំណាងដោយសហជីពកម្មករ ភាគីនិយោជក ជាថៅកែរោងចក្រ និងភាគីរាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងការងារ បានជួបប្រជុំផ្ទៃក្នុង ៨លើក និងកិច្ចប្រជុំត្រីភាគី ចំនួន ៦លើក ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ ត្រូវបានកំណត់ជាផ្លូវការនូវទឹកប្រាក់ ចំនួន ១៩០ ដុល្លារអាមេរិក ក្នុង ១ខែ។ ដោយឡែក ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិត ធ្លាប់ទទួលបានកន្លងមក ត្រូវរក្សាទុកដដែល។ ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ៕