ម៉ូតូមួយគ្រឿងបើកមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅក្រុងតាខ្មៅ
(កណ្តាល)៖ ម៉ូតូមួយគ្រឿង បើកមិនប្រកាន់ស្ដាំបានរេចង្កូតទៅឆ្វេង ចូលក្នុងគន្លងផ្លូវម្ខាងទៀត បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងមុខវិទ្យាល័យហ៊ុនសែនតាខ្មៅ លើកំណាត់ផ្លូវជាតិ២១ ស្ថិតនៅក្នុង ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា៖ ជនរងគ្រោះស្លាប់ឈ្មោះ ម៉ង់ សិរី ភេទប្រុស អាយុ២៤ឆ្នាំ មានទីនៅ ភូមិចេក ឃុំឈើទាល ស្រុកស្វាយរៀង ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាកSUZUKI SMASH V ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-7641 ។ ចំណែកអ្នកបើកបរម៉ូតូបង្កពុំស្គាល់អត្តសញ្ញាណ រងរបួសបាក់ជើងខាងស្ដាំ បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តថា៖ នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្កម៉ាកសង់កូរ៉េ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង បើកដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកឆ្វេង ចូលក្នុងគន្លងផ្លូវម្ខាងទៀត បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីស្មាស់ បើកក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្មាស់ដួលបោកក្បាលទៅនឹងផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសបាក់ជើង ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ វាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ។
ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ