តុលាការសម្រេចឃុំខ្លួនសមាជិក​ក្រុមប្រឹក្សា​នីតិកម្មម្នាក់ ពាក់​ព័ន្ធ​ស៊ីដាច់​ប្រាក់​គេ​២​ម៉ឺន​ដុល្លារ​

​ភ្នំពេញ ៖ បន្ទាប់ពីបើកសាវនាការផ្ទាល់មាត់ សាលា​ដំ​បូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្នសមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​ក្រសួងមហាផ្ទៃ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញ​ ពាក់​ព័ន្ធ​ស៊ីដាច់​ប្រាក់​គេ​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រឿង​យក​ទៅ​រត់ការ​ចូល​ក្រប​ខ​ណ្ឌ​នគរបាល​ជាតិ​មិន​បាន​សម្រេច ។

ជនសង្ស័យខាងលើ​ឈ្មោះ ហុ​ក គី​ម​សាយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេ​២៧ ផ្លូវ​៣៩០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ សវនាការ​នេះ​ ជា​សវនាការ​មុន​អង្គសេចក្តី គឺ​បាន​ធ្វើ​ឡើង​ដោយ​លោក​ចៅក្រម សេង រិ​ទ្ធី និង​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការ ពាក់​ពន្ធ​ករណី​ឆបោក ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ហុ​ក គី​ម​សាយ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ។ ពេល​សវនាការ​លោក​ចៅក្រម​បាន​បញ្ជាក់​ពី​អង្គហេតុ​បន្តិចបន្តួច ទៅ​លើ​ជនសង្ស័យ​ដើម្បី​ឲ្យ​យល់​ពី​ការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នេះ ព្រោះ​កន្លង​មក​ជនសង្ស័យ​បាន គេចខ្លួន​មិន​ព្រម​ចូល​តាម​ដីកា​កោះហៅ​របស់​តុលាការ​ទេ ។

ការសម្រេចឃុំខ្លួននេះបន្ទាប់ពីជនសង្ស័យ​ឈ្មោះ ហុ​ក គី​ម​សាយ ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៧ បាន​យក​ប្រាក់​ពី​ឈ្មោះ ម៉ែ​ន ច័ន្ទ​វាសនា ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទៅ​រត់ការ​ចូល​ក្រប​ខ័​ណ​ជា​មន្ត្រី​នគរបាល​ជាតិ ។ ប៉ុន្តែ​ជនសង្ស័យ​មិន​បាន​បំពេ​ញក​តប្ប​កិច្ច ទៅ​តាម​អ្វី​ដែល​បាន​សន្យា​ជាមួយ​ម្ចាស់​ប្រាក់​ទេ ថែម​ទាំង​ស៊ីដាច់​ប្រាក់​គេ​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទៀត ហើយ​គេចខ្លួន​រហូត​ជាង​២​ឆ្នាំ ទើបត្រូវ​ម្ចាស់​ប្រាក់​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ចាប់ខ្លួន​ពី​បទ​.​ឆបោក ។

ក្នុង​សវនាការ​ជនសង្ស័យ​ឈ្មោះ ហុ​ក គី​ម​សាយ បាន​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​មែន តែ​ប្រាក់​នោះ​ខ្លួន​ទទួល​បាន​តែ​៣០០០​ដុល្លារ​ទេ ក្រៅ ពី​នេះ​បាន​ប្រគល់​ឲ្យ​ទៅ​កូនលោក​ធំ​ម្នាក់​ទៀត​រត់ការ​បន្ត ។ ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​ដើមបណ្តឹង និង​ជៀសវាង​ការ​គេចខ្លួន​ចំពោះ​ជនសង្ស័យ ចៅក្រម​ជម្រះ​ផ្ទាល់​បាន​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំខ្លួន ក្នុង​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទ៖ សុខ លាភ​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds