អ្នកវិនិយោគចិនថា មិត្តភាពកម្ពុជា ចិន យូរអង្វែងធ្វើឲ្យក្រុមហ៊ុនចិនហ៊ានបោះទុនវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ មិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរធ្វើឲ្យអ្នកវិនិយោគចិន ក្រុមហ៊ុនចិនជាច្រើនបន្តបោះទុនវិនិយោគលើវិស័យអចលនទ្រព្យជាបន្តបន្ទាប់នៅកម្ពុជា។
នាយកចាត់ការទូទៅគម្រោង ខុនដូ Bao Li លោក លី ម៉ីង ដែលកំពុងតែវិនិយោគក្នុងប្រទេសកម្ពុជាបានថ្លែងឲ្យដឹងនាពេលថ្មីៗនេះថា ដោយសារតែប្រទេសកម្ពុជានិងប្រទេសចិនមានមិត្តភាពយ៉ាងល្អបំផុត នោះ ទើបធ្វើឲ្យក្រុមហ៊ុនខុនដូ Bao Li របស់ចិនហ៊ានបោះទុនវិនិយោគនៅកម្ពុជាតែម្តង ហើយទន្ទឹមនោះមានក្រុមហ៊ុនជាច្រើនកំពុងតែអភិវឌ្ឍវិស័យអចលនទ្រព្យផងដែរ។
ការបោះទុនវិនិយោគនៅកម្ពុជានេះ ខាងក្រុមហ៊ុនចិនចង់ឲ្យប្រជាពលរដ្ឋកម្ពុជាមានលំនៅឋានមួយ សមរម្យ និងស្របតាមការរីកចម្រើនប្រទេសជាតិ ហើយគម្រោងខុនដូ Bao Li កំពុងតែវិនិយោគនៅជំហ៊ានទី១នៅរាជធានីភ្នំពេញ ហើយតាមផែនការ ក្រុមហ៊ុនឹងវិនិយោគវិស័យសណ្ឋាគារ អគារពាណិជ្ជកម្ម និងគម្រោងវិនិយោគជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកវិនិយោគខាងលើបានប្តេជ្ញាថា គម្រោងដ៏ធំមកពីប្រទេសចិននេះ ក្រុមហ៊ុនចិនបានបើទុនទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក ជាគម្រោងថ្មីមួយស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ មានដូចជា ខុនដូ អគារពាណិជ្ជកម្ម និងផ្សារទំនើបផងដែរ។
លោកនាយកចាត់ការទទូទៅនៃគម្រោងខុនដូ Bao Liរបស់ចិនលើកឡើងថា សព្វថ្ងៃនេះគម្រោងទី១ របស់ក្រុមហ៊ុនគឺបានសាងសង់ អូតែលនិងខុនដូប្រមាណជាង៦០០ យូនីតដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២០ ហើយគម្រោងនេះមានលក្ខណៈពិសេសច្រើនជាងខុនដូផ្សេងៗទៀតនៅរាជធានីភ្នំពេញ។
សម្រាប់អ្នកជំនាញបន្ថែមថា បច្ចុប្បន្ននេះទីផ្សារខុនដូនៅប្រទេស កម្ពុជាជាទីផ្សារដ៏ល្អ សម្រាប់ជនបរទេសនិងពលរដ្ឋក្នុងស្រុក ហើយការវិនិយោគខាងលើនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកមុខមាត់ប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ សុខ លាភ