អគ្គស្នងការនគរបាលជាតិ៖ ប្រាប់ដល់នគរបាលគ្រប់ច្រកល្ហកទាំងអស់ ត្រៀមចាប់ខ្លួនទណ្ឌិត សម រង្ស៊ីឲ្យបាន
ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ បានប្រាប់ដល់នគរបាលគ្រប់ច្រកល្ហកទាំងអស់ ត្រៀមចាប់ខ្លួនទណ្ឌិត សម រង្ស៊ីឲ្យបាន ប្រសិនហ៊ានចូលស្រុកហើយមួយវិញទៀតត្រូវ តាមដានឲ្យបានគ្រប់ពេលចំពោះ បុគ្គលណា ដែលមានចេតនាប្រមូលផ្តុំគ្នា ដើម្បីរៀបចំគម្រោងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ សន្តិសុខ និងសណ្តាប់សារធារណៈ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានប្រាប់ដល់ស្នងការរាជធានី ខេត្តទាំងអស់ត្រូវតែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបាន ក្នុងឱកាសបុណ្យ កាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌនេះ នៅគ្រប់វត្តអារាម និងគ្រប់ផ្លូវធ្វើដំណើរទាំងអស់ផងដែរ ។
សម្រាប់ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គស្នងការបានប្រាប់ដល់មន្រ្តីនគរបាលទាំងអស់ត្រូវតែត្រៀមខ្លួនគ្រប់ ពេលវេលា ដើម្បីចាប់ខ្លួនទណ្ឌិត សម រង្ស៊ី មិនថាផ្លូវណាក៏ដោយប្រសិនបើទណ្ឌិតរូបនេះហ៊ានចូលស្រុក ខ្មែរវិញនោះ។
សូមបញ្ជាក់ថាកិច្ចប្រជុំខាងលើនេះគឺ មានការចូលរួមពីគ្រប់នាយកដ្ឋានស្នងការរាជនីខេត្តទូទាំងប្រទេសប្រមាណ១ពាន់នាក់ ហើយកិច្ចប្រជុំគឺត្រៀមផែនការណ៍ថែរក្សាសណ្តាប់ធ្នាប់សង្គម និងផែន ការណ៍ការពារ និងទប់ស្កាត់រាល់បុគ្គលណា ដែលមានចេតនា ប្រមូលផ្តុំគ្នាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់នោះ៕