អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនចិនបាន៦នាក់ក្រោយវាយប្លន់ជនជាតិចិនដូចគ្នា

(ព្រះសីហនុ)៖ ជនជាតិចិន មួយក្រុមមានគ្នាចំនួន ៦នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនក្រោយធ្វើសកម្មភាពវាយប្លន់បុគ្គលិកជាជនជាតិចិនដូចគ្នាបានសម្រេច នៅក្នុងខារ៉ាអូខេ យីហោ «បុកឃីង ហូម ផាលីស» ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ប្រភពពីមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ថា មានករណីគួរអោយភ្ញាកផ្អើលកាលពីកណ្តាលអាធ្រាត្រ មានជនជាតិ ចិនមួយក្រុមមានជិត ១០នាក់ បានចូលមកកន្លែងទទួលភ្ញៀវ ហើយបានធ្វើសកម្មភាពវាយជនជាតិចិន ជាបុគ្គលិក ផ្នែកចិតផ្លែឈើ នៅក្នុងហាងកន្លែងកើតហេតុខាងលើ រួចប្លន់យកលុយពីជនរងគ្រោះចំនួន២.០០០ដុល្លារ រួចគេចខ្លួនបាត់តាមរថយន្តម៉ាកលុច្សស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AK-7888។

មន្ត្រីអាវុធហត្ថខេត្តរូបនោះបានបញ្ជាក់ថា ក្រោយពីជនជាតិចិនមួយក្រុមមានបក្ខពួក ០៦នាក់ ធ្វើសកម្មភាពវាយប្លន់យកប្រាក់ពីហាងខារ៉ាអូខេឈ្មោះ «បុកឃីង ហូម ផាលីស» ខាងលើរួចមក មិនបានប៉ន្មានម៉ោងផង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង ៦នាក់ រួមជាមួយវត្ថុតាងជាច្រើន ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការ សាកសួរស្រាវជ្រាវតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds