ស្រុកចំនួន៨ ខេត្តព្រៃវែង កំពុងរងការវាយប្រហារពីទឹកជំនន់
(ព្រៃវែង)៖ ស្រុក-ក្រុងចំនួន៨ ក្នុងចំណោម១៣ស្រុក-ក្រុង នៃខេត្តព្រៃវែង បានប៉ះពាល់ដោយទឹកជំនន់ មាន៖ ស្រុកស៊ីធរកណ្តាល ស្រុកពារាំង ស្រុកពោធិ៍រៀង ស្រុកពាមរក៍ ស្រុកស្វាយអន្ទរ ស្រុកកំពង់ត្របែក ស្រុកពាមជរ ស្រុកព្រះស្តេច ខណៈអាជ្ញាធរ បានចេញប្រតិបត្តិការចែកអំណោយសង្គ្រោះបន្ទាន់ ព្រមទាំងស្វែងរកកន្លែងមានសុវត្ថិភាព ជូនពលរដ្ឋ និងសត្វពាហនៈ។
លោក ឌុច គង្គា អភិបាលរងខេត្តព្រៃវែង បានអោយដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះថា គ្រោះទឹកជំនន់នៅខេត្តព្រៃវែង បានប៉ះពាល់ដល់គ្រួសារដែលរងគ្រោះ មានចំនួន ៤,៩៩១គ្រួសារ និងគ្រួសារដែលត្រូវជម្លៀសមាន ២២គ្រួសារ។
អភិបាលរងខេត្ត បានបញ្ជាក់ទៀតថា គ្រួសារខ្វះស្បៀងមានចំនួន ៤៥៥គ្រួសារ និងគ្រួសារមានជម្ងឺ ៥គ្រួសារ ផ្ទះដែលរងផលប៉ះពាល់ចំនួន ៣,៣២៧ខ្នង និងបានប៉ះពាល់ដល់ស្រូវរដូវវស្សាចំនួន ១១,៣៥៥ ហិកតា និងខូចខាត២៥៨ហិកតា ប៉ះពាល់ផ្លូវកៅស៊ូប្រវែង១០០ម៉ែត្រ និងមានភូមិចំនួន ៣១៨រងផលប៉ះពាល់លិចផ្លូវ ដោយសារទឹកជំនន់ព្រមទាំង ផ្លូវលំប្រវែង ៧៥,៦៨០ម៉ែត្រ និងខូចខាតផ្លូវលំប្រវែង ២៦,៥៦៥ម៉ែត្រ ខូចខាតផ្ទះមួយខ្នង សាលារៀនចំនួន៣៧កន្លែង មណ្ឌលសុខភាព១ អណ្តូងទឹកចំនួន ២៨៥អណ្តូង ខូចខាតអណ្តូង៩០អណ្តូង បង្គន់អនាម័យ ចំនួន ៣០៣បង្គន់ ព្រមទាំងប៉ះពាល់ប្រឡាយ និងទំនប់ប្រវែង១៥៨,៤៦៧ម៉ែត្រ និងខូចខាតទាំងស្រុងប្រវែង៣០០ម៉ែត្រ។
លោក ឌុច គង្គា ថា គ្រោះទឹកជំនន់នេះ អាជ្ញាធរខេត្តព្រៃវែងដឹកនាំដោយលោក ជា សុមេធី អភិបាលខេត្ត បានដឹកនាំក្រុមការចុះពិនិត្យស្ថានភាពទឹកជំនន់ និងបានណែនាំដល់ពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងណែនាំឲ្យអាជ្ញាធរមូលដ្ឋានបន្ថែមការប្រុងប្រយ័ត្នបានខ្ពស់ ក្នុងការត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងស្វែងរកទីទួលមានសុវត្ថិភាព ជូនពួកគាត់ធានាបាននូវសុខសុវត្ថិភាព។ ពិសេសតំបន់ដែលគ្រោះថ្នាក់ ឬហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ឲ្យពួកគាត់បានដឹង ហើយអាជ្ញាធរទាំងអស់ ត្រូវដាក់កម្លាំងវេនប្រចាំការនៅតាមកន្លែងដែលប្រឈមនឹងការលិចលង់ខ្លាំង ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានត្រៀមនិងចែកស្បៀងជូនប្រជាពលដ្ឋផងដែរ៕
អត្ថបទ៖ សុខ លាភ