មន្ត្រីស្នងការនគរបាលខេត្តបាត់ដំបង២រូប ត្រូវក្រុមគ្រួសារសពមន្ត្រី ចោទថាស៊ីដាច់លុយប្រាក់ខែមន្រ្តីដែលបានស្លាប់រាប់រយលានរៀល
បាត់ដំបង៖ លោក វរសេនីយ៍ទោ វេ គឹមស៊ីម នាយការិល័យ បុគ្គិលិក និងលោកឧត្ដមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលរងការចោទប្រកាន់ថា បានស៊ីដាច់ប្រាក់បៀវត្សរ៍របស់មន្រ្តីនគរបាលមរណៈភាពអស់រាប់រយលានរៀលនោះ។
ប្រភពពីមន្ត្រី នៃស្នងការនគរបាលខេត្តបាត់ដំបង ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រោយពេលសារភាព និងផ្ដល់លុយប្រាក់បៀវត្សរ៍ទៅឲ្យក្រុមគ្រួសារមន្រ្តីនគរបាលមរណៈភាពឈ្មោះ នឿន ខ្លី រួចមក ឥលូវនេះបានបែកធ្លាយពីក្រុមគ្រួសារមន្រ្តីមរណៈភាពជាច្រើនទៀតសុំណូមពរឲ្យមានការសើបអង្កេតមន្ត្រីនគរបាលទាំងពីរនេះ ដើម្បីរកយុត្តិធម៌ឲ្យក្រុមគ្រួសារពួកគាត់។
ក្រុមគ្រួសាររបស់មន្ត្រីដែលរងអយុត្តិធម៌ទាំង៣ នោះរួមមាន ៖
១.ឈ្មោះ ម៉ង់ វីរ៉ាមន្រ្តីមរណៈភាពនៅអង្គភាពអធិការដ្ឋាននគរបាលក្រុងបាត់ដំបងប្រាក់បៀវត្សរិ៍ ១.៤០០.០០០រៀល (មួយលានសែសិបម៉ឺនរៀល)។
២. ឈ្មោះ អ៊ឹម គឹមសុន មន្រ្តីមរណៈភាពនៅអង្គភាពអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ប្រាក់បៀវត្សរ៍ ១.៣០០.០០០រៀល(មួយលានបីសែនរៀល)។
៣. ឈ្មោះ យឺន គុណ មន្រ្តីមរណៈភាពនៅអង្គភាពអធិការដ្ឋាននគរបាលស្រុកកំរៀង ប្រាក់បៀវត្សរិ៍ ១.៣០០.០០០រៀល (មួយលានបីសែនរៀល)។
ប្រភពបន្តទៀតថា ក្រៅពីមន្រ្តីមរណៈភាពទាំងបីនាក់ខាងលើនេះ មានសពមន្ត្រីជាច្រើនទៀតដែលរងអយុត្តិធម៌ចង់អោយថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ អង្គភាពប្រឆាំងអំពើរពុករលួយ ACU បើកការស៊ើបអង្កេតស្រាវជ្រាវបន្តដើម្បីអនុវត្តវិន័យលើកងកម្លាំងខិលខូចទាំងនេះ។
យោងតាមស្មារតីអង្គប្រជុំ និងមតិវាយតម្លៃរបស់ឯកឧត្ដមស្នងការនគរបាលខេត្តបាត់ដំបង កាលពីខែមិថុនា លើកទិសដៅខែកក្កដា ឆ្នាំ២០១៩ មន្ត្រីស្នងការរងមួយចំនួនពាក់សក្ដិវរសេនីយទោ មិនបានឡើងសក្ដិដោយសារមិនរត់ការតាមលោកវរសេនីយទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិកសព្វថ្ងៃទោះបីមិនមានសំណើរពីឯកឧត្ដមស្នងការក៏លោក វេ គឹមស៊ីម រត់ការបានដែរ។ ក្រៅពីនេះនៅមានមន្រ្តីជាច្រើនរូបដែលបានរត់ការតាមលោកវេ គឹមស៊ីម រហូតមកដល់ពេលនេះមិនបានធ្លាក់សេចក្ដីសម្រេចនៅឡើយនោះទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រី នៃស្នងការនគរបាលខេត្តបាត់ដំបង។
សូមរំលឹងផងដែរថា កាលពីពេលថ្មីៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយព្រមានដកហូត បុណ្យស័ក្តិ និងបង្កទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
គួររម្លឹកថា ការទម្លាយរឿងរ៉ាវនេះ ផ្ទុះឡើងស្របពេលរាជរដ្ឋាភិបាល ធ្វើកំណែរទម្រង់លុបបំបាត់អំពើ ពុករលួយ ដោយអនុវត្តអភិក្រមទី៥ គឺវះកាត់ទៅលើមន្រ្តី នៃក្រសួងស្ថាប័នមួយចំនួន។ គេសង្ឃឹមថា ក្រោយបែកធ្លាយដំណឹងនេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) នឹងចុះស៊ើបអង្កេត ដើម្បីដឹងច្បាស់ថា ករណីនេះ ជាក់ស្តែងទៅជាបែបណា?៕
អត្ថបទ៖ សុខ លាភ