ឈប់ម៉ូតូទិញស្លារដក់ អូសបន្លាយពេលឲ្យបក្ខពួកម្នាក់ទៀត ចូលទៅក្នុងផ្ទះស្រ្ដីរងគ្រោះ
(កណ្តាល)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួន ពីបទលួច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដ ចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបុរសរូបនេះ ដឹកបក្ខពួកម្នាក់ដែលជាក្មេងប្រុសទៅធ្វើសកម្មភាពលួចលុយពីអ្នកលក់ដូរម្នាក់ យកប្រាក់អស់ជាង១០លានរៀល កាលពីវេលាម៉ោង១៨ និង៤៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ សា យី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះ គឺជាក្មេងប្រុស ពុំត្រូវបានស្គាល់អត្ដសញ្ញាណឡើយ។ ជនរងគ្រោះឈ្មោះ នុត មេសា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូឌុបបក្ខពួកម្នាក់ដែលជាក្មេងប្រុស ទៅឈប់នៅខាងមុខផ្ទះស្រ្ដីរងគ្រោះ សួរនាំទិញស្លារដក់ចំនួន១គូរ បន្ទាប់ពីត្រូវរូវគ្នា ជនសង្ស័យ បានរាប់លុយរាយដើម្បីអូសបន្លាយពេលឲ្យបក្ខពួកម្នាក់ទៀត ចូលទៅក្នុងផ្ទះស្រ្ដីរងគ្រោះ ។ ដោយមានការសង្ស័យ ជនរងគ្រោះបានស្រែកឆោឡោឡើង ធ្វើឲ្យជនសង្ស័យដែលជាក្មេងប្រុសនោះ រត់គេចចេញបាត់ទៅ ។ ដោយឡែកជនសង្ស័យ ដែលឈប់ម៉ូតូទិញស្លារដក់នោះ ត្រូវបានស្រ្ដីរងគ្រោះនិងសាច់ញាតិចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ។
តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា ទ្រព្យសម្បត្ដិដែលបាត់បង់រួមមាន៖ ប្រាក់រៀលចំនួន១០,១០០,០០០រៀល និងប្រាក់ដុល្លារចំនួន ១៦៧៥ដុល្លារសហរដ្ឋអាមេរិក ។ ដោយឡែក ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននោះ ពុំបានសារភាពអ្វីឡើយ ដោយអះអាងថា គេនឹងក្មេងប្រុសម្នាក់ ដែលចូលលួចនោះ ពុំស្គាល់គ្នាទេ ហើយក៏ពុំបានដឹកមកទិញស្លារដក់ដែរ ។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញ យុត្ដិធម៌ក្រុងតាខ្មៅ កំពុងបន្ដនីតិវិធី ដើម្បីចាត់ការតាមច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ