ក្រុមអ្នកគាំទ្រទីក្រុងប៉េកាំង ប្រមូលផ្តុំគ្នាតតាំងនឹងក្រុមអ្នកប្រឆាំងទីក្រុងប៉េកាំង
(ហុងកុង)៖ យោងតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅថ្ងៃសៅរ៍នេះ ក្រុមអ្នកគាំទ្រនយោបាយទីក្រុងប៉េកាំង បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំង ចំពោះក្រុមប្រឆាំងដែលកំពុងអុកឡុកទីក្រុងហុងកុង និងទាមទារឲ្យអាជ្ញាធរទីក្រុងសេដ្ឋកិច្ចធំបំផុតនៅអាស៊ីមួយនេះ ចាត់វិធានការទប់ទល់ទៅលើក្រុមបាតុករប្រឆាំង ដែលកំពុងតែប្រព្រឹត្តល្មើសច្បាប់។
ក្រុមអ្នកគាំទ្រនយោបាយចិនដីគោកខាងលើនេះ បានប្រមូលផ្តុំគ្នានៅតាមដងវិថី ស្ថិតនៅពីមុខមជ្ឈមណ្ឌលបារាំងអន្តរជាតិ ប្រចាំនៅទីក្រុងហុងកុង ដើម្បីសម្តែងការគាំទ្ររបស់ពួកគេចំពោះនយោបាយចិនតែមួយ និងស្នើឲ្យអាជ្ញាធរហុងកុងចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពល្មើសច្បាប់នានា និងឈានទៅរកការស្តារសណ្តាប់ធ្នាប់ នៃទីក្រុងស្វយ័តមួយនេះឡើងវិញ។
គួរបញ្ជាក់ថា បាតុកម្មដ៏កក្រើកបានកើតមានឡើង តាំងតែពីខែមិថុនាមកម្ល៉េះ ដោយក្រុមបាតុករដែលទីក្រុងប៉េកាំងចាត់ទុកថា មានបាតដៃទីបីជាអ្នកដុតរោលពីក្រោយ បានប្រមូលផ្តុំគ្នាប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន ហើយបើទោះបីកាលពីសប្តាហ៍មុននេះ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ បានសម្រេចចិត្តលុបចោលវាជាស្ថាពរក៏ដោយ ក៏ក្រុមបាតុករទាំងអស់មិនបន្ធូរដៃដដែល និងនៅតែព្យាយាមធ្វើបាតុកម្មជាបន្តទៀត ដើម្បីទាមទារឲ្យអភិបាលក្រុងរូបនេះ ចុះចេញពីតំណែង៕
អត្ថបទ៖ សុខ លាភ