លោក ជា សុផារ៉ា ប្រាប់មហាសេដ្ឋីធំៗ នៅកម្ពុជា កុំឲ្យព្រួយបារម្ភពីរឿងចិន ចេញពីកម្ពុជា!
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រ ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនូវការស្តាយក្រោយ ដែលលោកមិនបានទិញដី នៅពយកាំពីង ក្នុងខេត្តព្រះសីហនុ (កំពង់សោម) ដែលសព្វថ្ងៃនេះ បានឡើងថ្លៃកប់ពពក។ ជាមួយគ្នានេះ លោក ជា សុផារ៉ា ក៏បានប្រាប់ឧកញ៉ាៗ ជាមហាសេដ្ឋីធំៗ នៅកម្ពុជា កុំឲ្យព្រួយបារម្ភពីចិនមួយចំនួន ដែលបានចាកចេញពីកម្ពុជា ដោយសារតែរាជរដ្ឋាភិបាល ប្រកាសបិទល្បែងអនឡាញ នាចុងខែសីហាកន្លងមក។
ការថ្លែងបែបនេះក្នុងកិច្ចប្រជុំជាមួយក្រុមឧកញ៉ាៗ ដែលជាអ្នករកស៊ីដី និងធ្វើផ្ទះល្វែង បុរីនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ដីនៅពយកាំពីង កាលលោកទៅដំបូង ក្នុងនាមជាប្រធានគណៈកម្មការអភិវឌ្ឍន៍តំបន់ឆ្នេរ ពេលឡើងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺដីកាលពីមុនតម្លៃតែ១៧ដុល្លារប៉ុណ្ណោះ ក្នុង ១ម៉ែត្រការ៉េ។ ដីនៅពយកាំពីង មាន ១៨ហិកតា។ តែកាលណោះ ដោយសារប្រពន្ធកូនឃាត់ថា ដូចជាមិនសម ដោយសារតែលោកជារដ្ឋមន្ត្រីដែនដី បែរជាទៅទិញដីយកតែឯង។ ក្រោយមក លោកក៏គិតថា យកតែ២ហិកតា ក៏បាន។ តែអត់ទៀត។ ដីនោះឡើងថ្លៃរហូត ដែលមកដល់ពេលនេះ គេលក់៤០០០ដុល្លារហើយ ក្នុង ១ម៉ែត្រការ៉េ។ ដីឡើងថ្លៃ នៅខេត្តព្រះសីហនុ មិនមែនឡើងថ្លៃតែនៅពយកាំពីងទេ គឺនៅគ្រប់ទីកន្លែងឡើងថ្លៃ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពាក់កណ្តាលអាណត្តិទី៥ ក្នុងឆ្នាំ២០១៦ ក៏បានប្រាប់ក្រុមឧកញ៉ា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង និងលោកឧកញ៉ា លី ហួរ ថា «… ឃើញគេថា ពេលនេះ រាងស្ងាត់បន្តិច! តែកុំទៅជឿស្ងាត់! ឲ្យនឹងនរចិត្តបន្តិចទៅ។ អាពួកអនឡាញ ( ចិន ) វាឲ្យកូនចៅវាចេញសិនទេ។ វាបញ្យួសយើងថា បើបិទអនឡាញ! កំពង់សោមស្ងាត់! កុំទៅជឿ។ ឧកញ៉ាៗ ចូលរួមប្រជុំនេះ ទាំងអស់នេះ អត់បានលុយពីអនឡាញទេ! មែនទេ? អីចឹង អ្នកអនឡាញ មុនមានរឿងថា ជារឿងកំប៉ិកកំប៉ុក! ដល់ពេលបិទថា ជារឿងធំ។ ក្នុងផែនការយកពន្ធ ៧០លានដុល្លារ តែដល់ជាក់ស្តែងបានតែ ៩លាន។ ដល់ពេលបិទ ថាពន្ធបានដល់ ១០០លានដុល្លារ៕
អត្ថបទ៖ សុខ លាភ