អជ្ញាធរប្រើធម៌ក្ដៅ ចំពោះអ្នកដែលដាក់លក់លើចិញ្ចើមផ្លូវ នៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ អជ្ញាធរខណ្ឌឫស្សីកែវ បន្តចាត់វិធានការក្ដៅ ក្នុងការដកហូតយកសម្ភារដាក់តាំងលក់ទាំងឡាយមករក្សាទុក ដែលល្មើសរំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈ សម្រាប់អ្នកថ្មើរជើងធ្វើដំណើរ ខណៈប្រជាពលរដ្ឋភាគច្រើន សហការធ្វើកិច្ចសន្យាតាមការណែនាំ របស់រដ្ឋបាលខណ្ឌ ដើម្បីរុះរើដោយខ្លួនឯង។

លោក ជា ពិសី បានអោយដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ រំដោះចំណីចិញ្ចើមផ្លូវនេះ ក្រុមទី១៖ ដឹកនាំដោយ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅអមសងខាងផ្លូវលេខ៥៩៨ ចាប់ពីចំណុចមុខហាងបញ្ចាំ លី ហួរ រហូតមកដល់ស្ថានីយប្រេងឥន្ទនៈ PTT ក្នុងសង្កាត់ទួលសង្កែទី២ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលជាលទ្ធផលសម្រេចរុះរើ និងដកហូតយកសម្ភារល្មើសមួយចំនួន មករក្សាទុក ក្នុងនោះអាជីវករលក់ផ្ការុក្ខជាតិ ចំនួន២ទីតាំង បានស្នើសុំធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង។

លោក ជា ពិសី បញ្ជាក់ទៀតថា ក្រុមទី២ ដឹកនាំដោយនាយករដ្ឋបាលសាលាខណ្ឌ តំណាង លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ចាប់ពីចំណុចផ្លូវជុំវិញផ្សារធំ ទួលសង្កែ (ផ្សារស៊ាំហាន់) ដោយធ្វើការណែនាំប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ និងចតយានជំនិះតាមដងផ្លូវ ដាច់ខាតត្រូវថយពីចិញ្ចើមផ្លូវតាមគំនូស ដែលអាជ្ញាធរបានបាញ់ជូន ព្រមទាំងតម្រូវឲ្យពួកគាត់រុះរើសំយាបដែលសង់លើចិញ្ចើមចេញ។

ដោយឡែកមួយក្រុមទៀត រដ្ឋបាលសង្កាត់ទួលសង្កែទី១ បានចុះពិនិត្យតាមសងខាងផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រំប្រទល់ខណ្ឌដូនពេញ ដល់ព្រំប្រទល់សង្កាត់ឫស្សីកែវ និងផ្លូវមុខសាលាបឋមសិក្សាពញាក្រែក ប្រសិនបើមានការតាំងលក់ ឬចតយានជំនិះលើចិញ្ចើមផ្លូវ នឹងប្រឈាមចំពោះការលើកយកមករក្សាទុកនៅរដ្ឋបាលខណ្ឌមិនខានឡើយ។

ប្រធានគណៈបញ្ជាការឯកភាពខណ្ឌរូបនេះ បានឲ្យដឹងផងដែរថា សម្រាប់ក្រុមទី៣ ដឹកនាំដោយ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ ក៏មិនខុសគ្នាដែរ និងគ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយចាប់ផ្ដើមចុះរៀបសណ្ដាប់ធ្នាប់ចាប់ពីចំណុចកំពង់ដរ គីឡូម៉ែត្រលេខ៧ រហូតដល់សាលារៀន គីឡូម៉ែត្រលេខ៧ និងក្នុងផ្សារគីឡូម៉ែត្រលេខ៧៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open