កម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះបិទកាស៊ីណូ ២កន្លែង នៅច្រកទ្វេភាគីណាំលៀ និងច្រកដាក់ដាំ
(មណ្ឌលគិរី)៖ កាស៊ីណូចំនួន ២កន្លែង នៅច្រកទ្វេភាគីណាំលៀ និងច្រកដាក់ដាំ ស្ថិតនៅភូមិវ៉ាយោ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាប់ព្រំដែនវៀតណាម ក្នុងភូមិឌឹកហ័រ ឃុំធុនអាន ស្រុកដាកមិល ខេត្តដាកណុង ប្រទេសវៀតណាម ត្រូវកម្លាំងនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះទៅបិទ ដោយសារតែកាស៊ីណូទាំង ២ទីតាំងនេះ គ្មានច្បាប់អនុញ្ញាត និងធ្វើខុសទីតាំងដែលស្នើសុំ ជាពិសេសនោះគឺអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងផងដែរ។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក ថា នៅពេលនេះលោកបាន និងកំពុងដឹកនាំកម្លាំងនគរបាល សហការជាមួយ មន្រ្តីអាជ្ញាធរខេត្ត ចុះមកបិទ និងឲ្យផ្អាកដំណើរការកាស៊ីណូចំនួន ២ទីតាំង នៅច្រកទ្វេភាគីណាំលៀ និងច្រកដាក់ដាំ។
លោកថា សម្រាប់កាស៊ីណូនៅច្រកទ្វេភាគីណាលៀ មិនមានច្បាប់អនុញ្ញាតនោះឡើយ ដូច្នេះត្រូវតែទៅសុំច្បាប់ទម្លាប់សិន ចាំបើកដំណើរការឡើងវិញ ប៉ុន្តែបើរកឃើញថា មានច្បាប់ ហើយលួចបង្កប់មានល្បែងអនឡាយ ផ្ទុយពីការសម្រេចរបស់នាយករដ្ឋមន្រ្តី និងលួចបើកខុសច្បាប់ពីគោលការណ៍ច្បាប់នោះ កម្លាំងនគរបាលរបស់លោកនឹង ចាត់វិធានការយ៉ាងតឹងរឹង។
ដោយឡែក សម្រាប់កាស៊ីណូ នៅច្រកទ្វេភាគីដាក់ដាំ ត្រូវបានលោកឧត្តមសេនីយ៍ស្នងការ អះអាងថា ក្រោយមានការត្រួតពិនិត្យរួចមក គឺមានច្បាប់អនុញ្ញាត ប៉ុន្តែធ្វើខុសទីតាំង ពោលមានន័យថា កាស៊ីណូនេះធ្វើនៅចំងាយជិត ២០គីឡូពីព្រំដែន ប៉ុន្តែនៅក្នុងច្បាប់អនុញ្ញាតឲ្យធ្វើនៅជាប់ព្រំដែន ហើយជាពិសេសទៀតនោះ កាស៊ីណូនេះបានអនុញ្ញាតឲ្យមានជនជាតិខ្មែរចូលលេងទៀតផង។
សម្រាប់កាស៊ីណូ នៅច្រកដាក់ដាំលោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា លោកទុកពេលឲ្យរុះរើខ្លួនឯងមួយរយៈ ប៉ុន្តែបើមិនរើនោះទេ លោកនឹងចាត់ការតែម្តង ហើយឲ្យម្ចាស់កាស៊ីណូ គិតថ្លៃកម្លាំងពលកម្មជូនកម្លាំងនគរបាលរបស់លោកទៀតផង។
លោកស្នងការ បានថ្លែងបញ្ជាក់ថា «ខ្ញុំនឹងចាត់វិធានការ មិនមានការយោគយល់នោះឡើយ ហើយជាអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដាច់ខាត មិនពាក់ព័ន្ធនឹងផលប្រយោជន៍ណាមួយនោះទេ គឺត្រូវអនុវត្តតាមច្បាប់យ៉ាងតឹងរឹងតែម្តង ដើម្បីសេចក្តីសុខទាំងអស់គ្នា»។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំមួយ ដោយបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាយ (Internet Online) ទាំងក្នុង និងក្រៅប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះ៕
អត្ថបទ៖ សុខ លាភ