តម្រួតចរាចរណ៍ក្រសួងនគរបាលវៀតណាម ស្នើសុំនគរចរាចរណ៍កម្ពុជាចំនួន២ចំណុច
ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបគណៈប្រតិភូនៃអគ្គនាយកដ្ឋានតម្រួតចរាចរណ៍ ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងជំនួបនេះ មានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យចរាចរណ៍ជើងគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈប្រតិភូ នៃអគ្គនាយកដ្ឋានតម្រួតចរាចរណ៍ ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចជំនួបរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នឹងគណៈប្រតិភូនៃអគ្គនាយកដ្ឋានតម្រួតចរាចរណ៍ក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកពាក់ព័ន្ធការងារចរាចរណ៍ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក រួមទាំងសមុទ្រ ផ្លូវដែក និងផ្លូវ Highway ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានទទួលយកសំណូមពររបស់ភាគីវៀតណាម ដើម្បីយកទៅរាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានខ្លឹមសារដូចខាងក្រោម ៖
១.ភាគីវៀតណាមស្នើសុំភាគីកម្ពុជា ដាក់បញ្ចូលការបណ្តុះបណ្តាលកសាងសមត្ថភាព ដូចជា ៖ ផ្នែកនាំក្បួន, ការត្រួតពិនិត្យជាតិស្រវឹង, និងការគ្រប់គ្រងចរាចរណ៍តាមប្រព័ន្ធកាម៉េរ៉ា ទៅក្នុងផែនការកិច្ចសហការឆ្នាំ២០២០ ។ ព្រោះនាយកដ្ឋានតម្រួតចរាចរណ៍វៀតណាមមានមជ្ឈមណ្ឌលសម្រាប់បណ្តុះបណ្តាល។
២.សម្រាប់ឆ្នាំ២០១៩ តាមកិច្ចព្រមព្រៀង ភាគីវៀតណាម នឹងប្រគល់ឧបករណ៍សម្ភារចំនួន៣មុខ នៅចុងឆ្នាំនេះ គឺដំបងបញ្ជាចរាចរណ៍១០០០គ្រឿង តាមរយៈនាយកដ្ឋានកិច្ចការបរទេសវៀតណាម, ឧបករណ៍វាស់ជាតិអាល់កុល២០០គ្រឿង តាមរយៈនាយកដ្ឋានកិច្ចការបរទេសវៀតណាម, ឧបករណ៍ត្រួតពិនិត្យល្បឿន ២០គ្រឿង តាមរយៈនាយកដ្ឋានតម្រួតចរាចរណ៍វៀតណាមផ្ទាល់៕
អត្ថបទ៖ សុខ លាភ