រថយន្តដឹកឆាកតន្ត្រី ប៉ូលិសរលាប្អៀរថាដឹកខុសបច្ចេកទេស ចាប់ទារ១០ម៉ឺន

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់រថយន្តដឹកឆាក និងឧបករណ៍តន្ត្រី សម្តែងការហួសចិត្តចំពោះមន្ត្រីនគរបាលចរាចរស្រុករលាប្អៀរ ដែលធ្វើការឃាត់ប្រហែល២ម៉ោង កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅជិតសាលាស្រុក ស្រុករលាប្អៀរ ហើយទារប្រាក់ចំនួន១០ម៉ឺនរៀល ពីបទល្មើសដឹកខុសបច្ចេសទេស។

ម្ចាស់រថយន្តដឹកឧបករណ៍តន្រ្តីដែលត្រូវប៉ូលិសចរាចរស្រុករលាប្អៀរចាប់ទារលុយនេះ ឈ្មោះ ហ៊ុង មានទីលំនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បុរសជាម្ចាស់រថយន្តខាងលើ បានអោយដឹងថា ដំបូងឡើយគាត់ស៊ីឈ្នួលដឹកឧបករណ៍តន្ត្រីខាងលើ ទៅប្រគុំកំដរពិធីមង្គលការមួយកន្លែង លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានមន្ត្រីនគរបាលចរាចរស្រុករលាប្អៀរ ហៅឃាត់រថយន្តគាត់ ហើយបាននិយាយថា រថយន្តគាត់ដឹកបទល្មើស ហើយពេលនោះ គាត់បានតវ៉ាថា គាត់ដឹកស្អីគេបទល្មើស? ទើបមន្ត្រីនគរបាលរូបនោះនិយាយថា រថយន្តគាត់ដឹកខុសបច្ចេកទេសសំពីងសំពោង ដោយសារដាក់មនុស្សពីរនាក់អង្គុយនៅលើឧបករណ៍ភ្លេង និងតម្រូវឲ្យគាត់បង់លុយចំនួន១០ ម៉ឺនរៀល ធ្វើឲ្យគាត់ហួសចិត្តជាខ្លាំង និងបានតវ៉ាមិនបង់លុយ តែប៉ូលិសចរាចរនោះ គំរាមថា បើមិនបង់លុយអោយទេ គឺត្រូវអូសរថយន្តទៅកាន់ស្នងការនគរបាលខេត្ត។

បុរសខាងលើបន្តថា ពេលនោះ គាត់បានតវ៉ាមិនបង់លុយទេ ហើយចង់អូសរថយន្តគាត់ទៅណា ក៏អូសៗទៅ គឺគាត់មិនបង់លុយឱ្យទេ ពីព្រោះគាត់មិនបានប្រព្រឹត្តអ្វីដែលខុស ក្នុងការដឹកទំនិញទាំងនេះ លុះក្រោយឃាត់រថយន្តរបស់គាត់អស់រយៈពេលជាង២ម៉ោង ទើបនគរបាលចរាចររូបនោះ បានសរសេរក្រដាស់កិច្ចសន្យាមួយឲ្យគាត់ ដោយបញ្ជាក់ថា ខ្លួនបានដឹកទំនិញសំពីងសំពោង ហើយក៏អនុញ្ញាតឱ្យបន្តដំណើរទៅទៀត ដោយឈប់ទារលុយទៀត៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds