បុគ្គលិកសាកលវិទ្យាល័យកម្ពុជា នាំផ្តិតមេដៃទាមទារប្រាក់ខែ ដែលមិនទាន់បើក ៣ខែមកហើយ
ភ្នំពេញ ៖ ខណៈពុំទាន់ទទួលបានប្រាកបៀវត្ស ចំនួន ៣ខែមកហើយ សាស្ត្រាចារ្យពេញម៉ោង និងក្រៅម៉ោង នៃសាកលវិទ្យាល័យកម្ពុជា បានរួមគ្នាផ្តិតមេដៃ ស្នើសុំបើកប្រាក់ខែ ដែលយឺត និងស្នើឱ្យមានភាពប្រក្រតីឡើងវិញនៃការបើកប្រាក់បៀវត្ស ។
លិខិតទាមទារនេះ ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសបុក រួមនឹងស្នាមមេដៃ មានចំនួន១៩នាក់ បានសសេរថា ពួកគាត់ពុំទាន់ទទួលបានប្រាកបៀវត្ស ចំនួន ៣ខែមកហើយ ដែលរួមមានខែមិថុនា ខែកក្កដា និងខែសីហា ដោយគ្មានមូលហេតុ ឬការបកស្រាយណាមួយ ស្តីពីភាពយឺតយ៉ាវម្តងណាឡើយ ។ សកម្មភាពនេះ បានធ្វើឱ្យពួកគាត់មានការខកចិត្តទៅអ្វីដែលពួកគាត់បានខិតខំបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការផ្ទេរនូវចំណេះដឹងដល់និស្សិត និងធានាឱ្យបាននូវគុណភាពអប់រំជូនសាកលវិទ្យាល័យកម្ពុជា។
នៅក្នុងលិខិតនោះបានអោយដឹងថា ចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្ននេះ បញ្ហាប្រាក់បៀវត្ស មានសភាពកាន់តែធ្ងន់ធ្ងរ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពបុគ្គលិកទូទៅ គ្រូបង្រៀន ក៏ដូចសាស្រ្តាចារ្យ ហើយបញ្ហានេះ វាអាចឈានដល់ការប៉ះពាល់ដំណើរការទូទៅរបស់សាកលវិទ្យាល័យទាំងមូល ជាពិសេសក្នុងការបង្រៀន ដែលជាស្នូលនៃគុណភាព និងកិត្តិសព្ទសាកលវិទ្យាល័យកម្ពុជាតែម្តង ។
Fast News មិនអាចសុំការបំភ្លឺពីលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឌមន្ត្រី និងជាគណៈគ្រប់គ្រងសាកលវិទ្យាល័យកម្ពុជាបានទេនៅរសៀលនេះ ដោយទូរសព្ទមិនអាចទាក់ទងបាន ៕