កម្លាំងនគរបាល ឆ្មកចូលសាកលវិទ្យាល័យ នៅខណ្ឌសែនសុខ ឃាត់ខ្លួនបានជនជាតិចិន ១០៥នាក់ ពាក់ពន្ធល្បែងខុសច្បាប់
(ភ្នំពេញ)៖ ទីតាំងល្បែងស៊ីសង Online ខុសច្បាប់ដែលមានស្លាកយីហោ សាកលវិទ្យាល័យ Excelpolitan University ត្រូវកម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះបង្ក្រាប ឃាត់ខ្លួនបានជនជាតិចិន ១០៥នាក់ (ស្រីចំនួន ១០នាក់)។
ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនប្រុសស្រី ១០៥នាក់ នឹងដកហូត ម៉ាស៊ីនកុំព្យទ័រលើតុ (DeskTop) ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ចំនួន ៨០គ្រឿង។
ក្រោយឃាត់ខ្លួន កម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួនក្រុមជនជាតិចិនទាំងអស់នោះត្រូវទៅ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
អត្ថបទ៖ សុខ លាភ