និទ្ទេស A បាក់​ឌុប​២០១៩ ​នៅ​ភ្នំពេញច្រើនជាងគេ តាមពីក្រោយ​សៀមរាប បាត់ដំបង តាកែវ​

ភ្នំពេញ៖ ខណៈដែលលទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​ថ្ងៃទី១៩ សីហា ២០១៩ សម្រាប់​មណ្ឌល​រាជធានីភ្នំពេញ និង​មណ្ឌល​ខេត្ត​កណ្ដាល នឹង​ប្រកាសនៅ​រសៀល​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ២០១៩ ក្នុងនោះបេក្ខជនចំនួន៧៩ ០៥២នាក់បានជាប់ ស្មើ៦៨.៦២% ក្នុងនោះមានបេក្ខេជនជាប់និទ្ទេស A មាន៤៤៣នាក់​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន នឹងកីឡា​។

​ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ ពី​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ បេក្ខជន​នៅ​រាជធានី​ភ្នំពេញ បន្ត​នាំមុខគេ​លើ​ចំនួន​សរុប បន្ទាប់មក សៀមរាប បាត់ដំបង តាកែវ  និង​បណ្តា​ខេត្ត​ផ្សេងទៀត​។​

រាជធានី-ខេត្ត សរុប​២១ មាន​សិស្ស​ដែល​ប្រឡងជាប់និទ្ទេស A។ ក្នុងចំណោម​និទ្ទេស A ៤៤៣​នាក់ រាជធានី​ភ្នំពេញ មាន​១៤១​នាក់ សៀមរាប ៣៨​នាក់ បាត់ដំបង​៣២​នាក់ តាកែវ​២៩​នាក់ កំពង់ចាម​២៧​នាក់ ព្រៃវែង​២៧​នាក់ បន្ទាយមានជ័យ​២៥​នាក់ កណ្តាល​២៣​នាក់ កំពត​២៣​នាក់ ត្បូងឃ្មុំ​១៥​នាក់ កំពង់ធំ​១៤​នាក់ ព្រះសីហនុ​១៣​នាក់ ស្វាយរៀង​៨​នាក់ ពោធិ៍សាត់​៧​នាក់ កំពង់ឆ្នាំង​៦​នាក់ កំពង់ស្ពឺ​៦​នាក់ ក្រចេះ​៤​នាក់ រតនគិរី​២​នាក់ កោះកុង​១​នាក់ មណ្ឌលគិរី​១​នាក់ និង​ឧ​ត្ត​រ​មានជ័យ​១​នាក់​។

គួរបញ្ជាក់ផងដែរថា បេក្ខជនប្រឡងឆ្នាំ២០១៩មានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន៤៤៦៩០នាក់ មាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួន ៧២៣៥៣នាក់ មាន ១២៧ មណ្ឌល។បេក្ខជនអវត្តមាន ពេលប្រឡងមាន១៨១៨ នាក់ ស្រី ៦៩៦នាក់ ជាភាគរយ ១.៥៥%។

គួរឮកថាឆ្នាំ២០១៨៖ បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ៧៦,០៣៤នាក់ ត្រូវជា ៦៧.០៧ភាគរយ នៃបេក្ខជនចូលរួមប្រឡងសរុប ១១៧,០៦១នាក់។ បេក្ខជនជាប់និទ្ទេស Aមានចំនួន ៤០៨នាក់។ និទ្ទេស Bចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស Cចំនួន ៥,២១៨៣នាក់៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds