លោកថោង ខុន និងលោកសុខ លូ ប្តេជ្ញាជួយអភិវឌ្ឍន៍សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញរពាក់នៅសំបូរព្រៃគុក

(កំពង់ធំ)៖ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ប្ដេជ្ញាជំរុញការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញវល្លិរពាក់ឱ្យកាន់តែរីកចម្រើនឡើង ដើម្បីជួយជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍ផងដែរ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានលើកឡើងថា សហគមន៍បកគ្រាប់ស្វាយចន្ទី នៅមានសកម្មភាពមកដល់ពេលបច្ចុប្បន្ននេះ ដោយបានជួយបណ្តុះបណ្តាលដល់សហគមន៍ផ្សេងៗ ដូចជានៅខេត្តព្រះវិហារ រតនគិរី និងខេត្តកំពង់ធំ។ ការមកបណ្តាក់ទុនចូលមកសមាគមន៍ ឱ្យបកគ្រាប់ស្វាយចន្ទីជាបន្តបន្ទាប់ ដោយថ្មីៗនេះមានកិច្ចសន្យាបកគ្រាប់ស្វាយចន្ទីជាមួយក្រុមហ៊ុនអាល្លឺម៉ង់ និងបានចុះកិច្ចសន្យាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនថៃ ដើម្បីបកគ្រាប់ស្វាយចន្ទី សម្រាប់ផែនការរយៈពេល៥ឆ្នាំ។

លោកប្រធានមន្ទីរបានបន្តថា ទោះបីមានលទ្ធភាពអាចបកគ្រាប់ស្វាយចន្ទី ប៉ុន្តែសមាគមន៍នៅមានការខ្វះទុនសម្រាប់ការទិញគ្រាប់ស្តុកក្នុងឃ្លាំង ដើម្បីដំណើរការបកគ្រាប់ស្វាយចន្ទីនេះនោះឡើយ។ ជាមួយគ្នានោះ តំណាងប្រជាសហគមន៍ក៏បានលើកឡើងពីបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងដំណើរការសិប្បកម្មខាងលើផងដែរ។

បន្ទាប់ពីស្ដាប់បាននូវរបាយការណ៍របស់ប្រជាសហគមន៍រួចមក លោករដ្ឋមន្ត្រី ថោង ខុន បានចេញដំណោះស្រាយភ្លាមៗ ដោយបញ្ជាទៅមន្ត្រីជំនាញដែលមានលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ត្រូវចុះជួយសម្រួលមធ្យោបាយជូនប្រជាសហគមន៍ឱ្យបានសម្រេច ហើយការងារចំពោះមុខបញ្ហានេះ គឺខ្វះទុនវិនិយោគ ដើម្បីពង្រីកសកម្មភាពសិប្បកម្មបន្ថែម។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានឯកភាពគ្នាជាមួយលោក សុខ លូ នៅចំពោះមុខប្រជាសហគមន៍ផងដែរ ដោយប្ដេជ្ញាជំរុញការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទីនេះ ឱ្យបានសម្រេចជាផ្លែផ្កា។

លោក ថោង ខុន បានលើកទឹកចិត្តឱ្យប្រជាសហគមន៍ខិតខំដាំដើមរពាក់ ដើមឫស្សីឱ្យបានច្រើនឡើងវិញ ដើម្បីទុកប្រើប្រាស់ជាវត្ថុធាតុដើម សម្រាប់ផលិតជាផលិតផលតម្បាញនានា។ ក្រៅពីនោះ លោករដ្ឋមន្ត្រី និងលោក សុខ លូ ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះសិប្បកម្មផលិតស្ករត្នោត ទឹកសណ្តែក តម្បាញក្រមាសូត្រ ផ្ទះស្នាក់ មគ្គុទ្ទេសក៍ទេសចរណ៍ សេវាលក់ម្ហូបអាហារជាដើម៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds