ក្រសួងអប់រំ៖ ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងបាកឌុប បានប្រព្រឹត្តទៅយ៉ាងរលូន
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ ខែសីហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា ។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះថា គណៈកម្មការស្រង់បូកពិន្ទុទាំងអស់ គោរពតាមបទបញ្ញត្តិបានល្អ និងអនុវត្តតាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដំណើរការស្រង់បូកពិន្ទុបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច។
លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ទាក់ទងនិងបេក្ខជនប្រឡងជាប់ប៉ុន្មានភាគរយ និងបេក្ខជនទទួលបាននិទេសល្អប៉ុន្មាននាក់អ្នកនាំពាក្យក្រសួងអប់រំមិនទាន់បញ្ជាក់ឲ្យដឹងនោះទេ ។ លោកគ្រាន់តែលើកឡើងថាលទ្ធផលពេញលេងនឹងប្រកាសនៅពេលខាងមុខនេះ។
បេក្ខជនប្រឡងឆ្នាំ២០១៩មានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន៤៤៦៩០នាក់ មាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួន ៧២៣៥៣នាក់ មាន ១២៧ មណ្ឌល។បេក្ខជនអវត្តមាន ពេលប្រឡងមាន១៨១៨ នាក់ ស្រី ៦៩៦នាក់ ជាភាគរយ ១.៥៥%៕
អត្ថបទ៖ សុខ លាភ