ដោយសារទឹកជំនន់ អាជ្ញាធរខេត្តក្រចេះបិទការធ្វើចរាចរណ៍បណ្ដោះអាសន្ន យានយន្ដគ្រប់ប្រភេទ ឆ្លងកាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ)
(ក្រចេះ)៖ សេចក្តីប្រកាសព័ត៌មានរបស់អភិបាលខេត្តក្រចេះ បានអោយដឹងថា អជ្ញាធរខេត្តក្រចេះ បានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ ដោយមិនឱ្យឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៧៣ ពីស្រុកឆ្លូង ទៅទីរួមខេត្ត្តក្រចេះឡើយ ដោយសារកម្ពស់ទឹកទន្លេមេគង្គ ហក់ឡើងជន់លិចផុតកម្រិតកំពស់ប្រុងប្រយត្ន័ និងបានជន់លិចកំណាត់ផ្លូវជាតិលេខ៧៣ ចន្លោះគីឡូម៉ែត្រ៧៥+០០០ ដល់គីឡូម៉ែត្រ៨៦+០០០ ក្នុងភូមិសាស្រ្តស្រុកចិត្របុរី ខេត្តក្រចេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ការផ្អាកនេះដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ របស់បងប្អូនប្រជាពលរដ្ឋ និងការពារតួផ្លូវកុំឲ្យរងការខូចខាតធ្ងន់ធ្ងរ។ រដ្ឋបាលខេត្តក្រចេះបញ្ជាក់ថា ការផ្អាកចរាចរណ៍បណ្តោះអសន្ននេះ ត្រូវធ្វើរហូតដល់ពេលទឹកស្រក មានស្ថានភាពល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៨ខែកញ្ញានេះ ជំនន់ទឹកទន្លេមេគង្គ កំពុងហក់ឡើងខ្លាំងដល់កម្រិត២២.៧២ម៉ែត្រ ហើយកំពុងជន់លិចតំបន់មួយចំនួន នៅខេត្តតាមដងទន្លេមេគង្គផងដែរ។
គួរបញ្ជាក់ផងដែរថា ជំនន់ទឹកទន្លេមេគង្គនេះ ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងខេត្តក្រចេះចំនួន ៩,៧៥៤ ខ្នងផ្ទះ។ ទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ស្រូវស្សាក្នុងខេត្តក្រចេះនេះជាង ៣ពាន់ហិកតា, ប៉ះពាល់ដំណាំរួមផ្សំជាង ៤០០ហិកតា។ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចំនួន ១,៥៦៥គ្រួសារ ទៅទីទួលសុវត្តិភាព, ជម្លៀសគោក្របីចំនួន ៨,៤៤១ក្បាល៕
អត្ថបទ៖ សុខ លាភ