រកឃើញម៉ូតូអត់ពន្ធជាង៣០គ្រឿង ពីឃ្លាំងលក់ម៉ូតូចំនួនពីរកន្លែង នៅក្រុងក្រចេះ
(ក្រចេះ)៖ ដោយមានការសម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ មន្ត្រីជំនាញគយ និងរដ្ឋាករខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង បានចុះធ្វើការឆែកឆេរឃ្លាំងលក់ម៉ូតូចំនួនពីរកន្លែង រកឃើញម៉ូតូអត់ពន្ធជាង៣០គ្រឿង នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។
សមត្ថកិច្ចបានអោយដឹងថា ឃ្លាំងម៉ូតូទាំង២កន្លែងមានឃ្លាំង ឈ្មោះយីហោ (រិនដា) និងឃ្លាំងទី២ ឈ្មោះយីហោ
(យង់ ស៊ាងហោ) ដែលមានទីតាំងនៅក្បែរធនាគារអេស៊ីលីដា ស្ថិតនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។
នៅក្នុងប្រតិបត្តិការនោះឆែកឆេរឃ្លាំងចំនួន២ទីតាំងខាងលើ គឺត្រូវបានមន្ត្រីជំនាញបានរកឃើញម៉ូតូអត់ពន្ឋចំនួន៣៣គ្រឿង និងបានរឹបអូសយកទៅរក្សាទុកនៅស្នាក់ការគយ និងរដ្ឋាករខេត្តក្រចេះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារ៕
អត្ថបទ៖ សុខ លាភ