ស្ត្រីប្រេស៊ីលមួយក្រុមត្រូវគេយកទៅលក់ឱ្យផ្ទះបនពេស្យាចារនៅកូរ៉េ បន្ទាប់ពីចាញ់បោកឈ្មួញថា នាំពួកគេឲ្យទៅធ្វើជាតារា K-pop
ស្ត្រីជនជាតិប្រេស៊ីលមួយក្រុម ត្រូវបានគេលក់ទៅឱ្យផ្ទះបនពេស្យាចារ បន្ទាប់ពីពួកគេបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងបំណងដើម្បីក្លាយជាតារា K-pop ។ ស្ត្រីទាំង ៧នាក់ នោះមានអាយុខ្ទង់ពី ២០ និង ៣០ឆ្នាំ ត្រូវបានគេរាយការណ៍ថា ត្រូវបានល្បួងលួងលោមដោយបុរសម្នាក់នៅលើបណ្តាញសង្គមកាលពីខែកក្កដា។ CNN ក៏បានឱ្យដឹងដែរថា ពួកគេត្រូវបានឈ្មួញផ្ដល់នូវជើងហោះហើរទៅ/មក ឥតគិតថ្លៃ និងការធានាឱកាសបានក្លាយជាតារាម៉ូដែល ឬអ្នកចម្រៀង K-pop ។
ស្ត្រីប្រេស៊ីលទាំងនោះចុងក្រោយត្រូវបានគេបោកឱ្យធ្វើជាស្រីពេស្យាចារជំនួសវិញ បន្ទាប់ពីលិខិតឆ្លងដែនរបស់ពួកគេត្រូវបានគេចាក់សោរទុកនៅក្នុងផ្ទះចំនួនពីរ នៅក្នុងទីក្រុង Ilsan និង Paju ។ ពួកគេត្រូវបានលក់ទៅហាងម៉ាស្សាក្នុងតម្លៃ ២លានវ៉ុន (១.៦៧៨ដុល្លារអាមេរិក) ក្នុងមួយនាក់។ ក្រោយមកម្នាក់ក្នុងចំណោមពួកគេ មានឱកាសបានទូរស័ព្ទមកស្ថានទូតរបស់ខ្លួនប្រចាំប្រទេសកូរ៉េខាងត្បូង ដើម្បីស្នើសុំឱ្យមានការជួយសង្គ្រោះ។
ការរាយការណ៍ក៏បាននាំឱ្យមានការឆ្មក់ចូលដោយក្រុមប៉ូលីស ទៅក្នុងហាងម៉ាស្សាមួយនៅតំបន់ Ilsan ហើយប៉ូលីសសង្គ្រោះបានជនរងគ្រោះ ៣នាក់។ ប៉ុន្មានថ្ងៃក្រោយមកប៉ូលីសបានជួយសង្គ្រោះស្ត្រី ៤នាក់ បន្ថែមទៀតពីផ្ទះមួយនៅតំបន់ Paju ។ រហូតមកដល់ពេលនេះអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពីបទរៀបចំកន្លែងពេស្យាចារ និងជួញដូរស្ត្រី។ Korea Times បានរាយការណ៍ថា ពួកគេក៏កំពុងស៊ើបអង្កេតអំពីទំហំនៃគ្រោងការណ៍នេះផងដែរ៕