មនុស្ស៤នាក់ស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីជិះម៉ូតូទៅពន្លះគ្នាពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៥
កំពង់ឆ្នាំង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៣០នាទី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពបានឲ្យដឹងថា ម៉ូតូម៉ាក និច ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-4715 អ្នកបើកបរមិនស្គាល់ឈ្មោះ អាសយដ្ឋាន និងអ្នករួមដំណើរ មិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង។
ម៉ូតូម៉ាក ZOOMER ពណ៌ស គ្មានពាក់ស្លាកលេខ អ្នកបើកបរឈ្មោះ យូ មករា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ ០២នាក់ទៀត៖
១- ឈ្មោះ សូ ស្រីពៅ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
២- ឈ្មោះ សូ ម៉ានាត ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ក្នុងដំណើរច្រាស់ទិសគ្នា ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស ០៤នាក់ ស្រីម្នាក់ និងរងរបួសស្រីស្រាលម្នាក់។
មូលហេតុ៖ បណ្ដាលមកពីបើកបរដោយល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។
ក្រោយកើតសមត្ថកិច្ចចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕