រាជរដ្ឋាភិបាល បញ្ជារអោយអាជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លីពលរដ្ឋ៣២គ្រួសារនៅស្រុកព្រៃនប់ ក្រោយប្រតិភូបក្សយុវជនកម្ពុជាចុះសិក្សា
ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបង្កើតឡើងជាផ្លូវការរយៈពេលជាង១ឆ្នាំមកហើយ។ បញ្ហាសង្គម និងដីធ្លីរបស់ប្រជាពលរដ្ឋ ត្រូវបានលើកយកទៅដាក់ពិភាក្សា ក្នុងជំនួបប្រចាំឆ្នាំ កាលពីចុងខែសីហា កន្លងមក។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់លោក ពេជ្រ ស្រស់ ត្រូវបានគេមើលឃើញថា កំពុងតែមានសកម្មភាពលេចធ្លោរ នៅក្នុងការដោះស្រាយបញ្ហាសង្គម។
បន្ទាប់ពីចុះសិក្សាវិវាទដីធ្លីក្នុងស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ របស់ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងដាក់សំណើរទៅប្រមុខរដ្ឋាភិបាលកាលពីថ្ងៃទី២៨ សីហា តាមរយៈយន្តការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី៤ ខែកញ្ញា នេះរាជរដ្ឋាភិបាលបានចេញ សេចក្តីជូនដំណឹង ឲ្យអាជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លីពិនិត្យដោះស្រាយលើករណីទំនាស់ដីធ្លីរបស់ ប្រជាពលរដ្ឋ៣២ គ្រួសារស្ថិតនៅតំបន់ត្រួតស៊ីគ្នា ៣ឃុំក្នុងស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ដែលប្រតិភូគណបក្សយុវជនកម្ពុជាបានចុះសិក្សាកន្លងមក។ នេះបើយោងតាមទំព័រហ្វេសបុករបស់លោក ពេជ្រ ស្រស់ ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ លោក ពេជ្រ ស្រស់ សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានស្នើ៣ចំនុច ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួយអន្តរាគមន៍ ១. ករណីជម្លោះដីធ្លី ២៨គ្រួសារនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ២. ករណីជម្លោះដីធ្លី ៩ គ្រួសារ នៅសង្កាត់ស្លរក្រាម ខេត្តសៀមរាប, ៣. ករណីជម្លោះដីធ្លី ៩ គ្រួសារ នៅសង្កាត់នគរធំ ខេត្តសៀមរាប។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតឡើងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ ជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យការងាររយៈពេលមួយឆ្នាំ ដើម្បីរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕
អត្ថបទ៖ សុខ លាភ