ការដឹកកសិផលរបស់ពលរដ្ឋនៅស្រុកអន្លង់វែង ត្រូវបានផ្អាកបណ្ដោះអាសន្ន ដោយសារតែទឹកជន់លិចផ្លូវ

(ឧត្តរមានជ័យ)៖ ការដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចផ្អាកជាបណ្ដោះអាសន្ន ដោយសារតែខ្លាចខូចខាតផ្លូវ ព្រោះទឹកកំពុងជន់លិចខ្លាំងនៅតំបន់មួយចំនួន ពិសេសនៅចំណុចស្ពានតាម៉ុក។

អភិបាលស្រុកអន្លង់វែង លោក ហោ ជិនវីរៈយុទ្ធ បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថានភាពទឹកនៅជន់លិចផ្លូវខ្លាំងដដែល មិនទាន់មានការថយនោះឡើយ។ ទឹកជំនន់នេះបានកើតឡើងនៅព្រឹកនេះតែម្តង ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំ នៅក្នុងស្រុកត្រពាំងប្រសាទខ្លាំង នៅយប់មិញនេះ ហើយបើតាមលំហូរនៃទឹកជំនន់នេះ អាចនឹងមានជំនន់ខ្លាំងដូចទៅនឹងឆ្នាំ២០១៧ ផងដែរ។

លោកអភិបាលស្រុកបានអះអាងទៀតថា ក្រៅពីវិធានការណ៍ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងត្រៀមជម្លៀស ពលរដ្ឋមួយចំនួនទៅកាន់ទីទួលសុវត្ថិភាពនោះ នៅថ្ងៃនេះអាជ្ញាធរក៏បានសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះការដឹកកសិផលរបស់ប្រជាកសិករ នៅតំបន់ដែលទឹកជន់លិចផ្លូវ ដើម្បីបញ្ចៀសនូវការខូចខាតធ្ងន់ធ្ងរ។

ភ្លៀងបានធ្លាក់ខ្លាំងនៅយប់មិញ ដែលបានបណ្តាលឲ្យទឹក មានការកើនឡើងជាគំហុក ធ្វើឲ្យស្ថានភាពជំនន់ទឹកភ្លៀង នៅបឹងតាម៉ុក ស្រុកអន្លង់វែង កើនដល់ចំណុចប្រកាសអាសន្ន ហើយក៏បានប៉ះពាល់ដល់ការដាច់ផ្លូវ មិនអាចធ្វើដំណើរពីទីរួមស្រុក ទៅកាន់ភូមិចាររហាល ឃុំលំទង ចំនួន០៧កន្លែងផងដែរ និងផ្លូវក្រាលគ្រួសក្រហមត្រូវបំផ្លាញទាំងស្រុង។

លោកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងជំនន់ដោយទឹកភ្លៀងនេះ រដ្ឋបាលស្រុកអន្លងវែង បានដាក់ចេញនូវវិធានការណ៍ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងត្រៀមជម្លៀស ពលរដ្ឋមួយចំនួន ទៅកាន់ទីទួលសុវត្ថិភាព ក្នុងនោះ រដ្ឋបាលស្រុកអន្លងវែង ក៏បានដាក់ឲ្យកងកម្លាំង ចាំជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ និងបានដាក់គ្រូពេទ្យនៅប្រចាំអន្តរាគមន៍ដើម្បីចាំជួយ ព្យាបាល និងជួយសង្គ្រោះប្រជាពលរដ្ឋបណ្តោះអាសន្ន មុននឹងបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្នុងករណីចាំបាច់ផងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds