អធិការរងខណ្ឌឫស្សីកែវទទួលផ្នែកសេនាធិការ ត្រូវឯកឧត្តម ស ថេត ហៅទៅសាកសួរ រឿងគំរាមសម្លាប់នាយផ្នែកចរាចរណ៍ គ្រាន់តែរឿង
ភ្នំពេញ៖ ក្រោយការភ្ញាក់ផ្អើលរឿងលោក ចាន់ ពៅ អធិការរងខណ្ឌឫស្សីកែវទទួលផ្នែកសេនាធិការ គំរាមសម្លាប់ទៅលើលោក លី រ៉ូហ្សាត ជានាយផ្នែកចរាចរណ៍ខណ្ឌឫស្សីកែវ ដើម្បីអន្តរាគមន៍ដោះលែងអ្នកស្រវឹងម្នាក់មិនបាន ។ ពេលនេះបើតាមប្រភពច្បាស់ការណ៍បានលើកឡើងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ចាន់ ពៅ អធិការរងខណ្ឌឫស្សីកែវទទួលផ្នែកសេនាធិការ ត្រូវបានលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ហៅទៅធ្វើការសាកសួរហើយ។
ក្នុងនោះប្រភពដដែលលើកឡើងថា បើសិនរកឃើញកំហុសមែននោះ លោក ចាន់ ពៅ អធិការរងខណ្ឌឫស្សីកែវទទួលផ្នែកសេនាធិការរូបនេះ អាចត្រូវរងនូវពិន័យខាងកងកម្លាំង និងអាចប្រឈមការផ្អាកការងារផងដែរ។
ដោយឡែកបើតាមលោក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានលើកឡើងថា ពិតជាមានរឿងនេះ កើតឡើងមែន តែមិនធំដុំទេ គ្រាន់តែជាការលេងសើចរវាងមេនិងកូនចៅប៉ុណ្ណោះ ហើយក្រោយពីបានជួបគ្នា រវាងលោក ចាន់ ពៅ និង លោក លី ហ្សាត គឺមិនមានការប្តឹងផ្តល់គ្នាទេ ដោយបានបញ្ចប់ដោយសន្តិវិធី ។
សូមបញ្ជាក់ថា ៖ មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិអាកុល នៅតាមបណ្ដោយផ្លូវជាតិលេខ៥ មុខវិទ្យាល័យឫស្សីកែវ ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានលោកស្នងការរង និងលោកអធិការរងទទួលផ្នែកចរាចរណ៍ជាអ្នកដឹកនាំបញ្ជា ស្រាប់តែក្រោយមកសមត្ថកិច្ចបានពិនិត្យឃើញអ្នកមានជាតិស្រវឹងលើសកម្រិត ចំនួន៣នាក់ ដែលជាអ្នកបើកម៉ូតូ ក្នុងនោះ មានម្នាក់មិនបានសហការផ្លុំទេ ទលបសមត្ថកិច្ចបញ្ជូនទៅស្នងការដើម្បីចាត់ការតាមផ្លូវច្បាប់ មួយសន្ទុះក្រោយមក ស្រាប់តែលោក ចាន់ ពៅ អធិការរងនគរបាលខណ្ឌឫស្សីកែវ បានទូរស័ព្ទមកលោក លី រ៉ូហ្សាត ជានាយផ្នែកចរាចរណ៍ខណ្ឌឫស្សីកែវ ដោយបញ្ជា អោយដោះលែងមនុស្សម្នាក់ ដែលមានជាតិស្រវឹងលើសកំរិត ប៉ុន្ដែលោកលី រ៉ូហ្សាត ប្រាប់ថា គាត់គ្មានសិទ្ធិដោះលែងទេ គាត់គ្រាន់តែជានាយផ្នែក ហើយក៏ឲ្យលោកអធិការរងរូបនោះ ទូរស័ព្ទទៅលោកអធិការងទទួលផ្នែកចរាចរណ៍ ដែលកំពុងដឹកនាំទៅលោកអធិការរងរូបនោះ ក៏បានបិទទូរស័ព្ទទាំងខឹងយ៉ាងខ្លាំង។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញបុរសម្នាក់ដែលមានជាតិស្រវឹងលើសម្នាក់ក្នុងចំណោម៣នាក់ដែលកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការនោះ ត្រឡប់មកវិញយ៉ាងរំភើយ។
ទើបក្រោយមក លោកអធិការរងរូបនេះ បានផ្ញើសារសម្លេងគំរាមសម្លាប់ជាច្រើន មកលោកនាយផ្នែក ធ្វើឲ្យលោកនាយផ្នែកមានការភិតភ័យយ៉ាងខ្លាំង ព្រោះកន្លងមកអធិការរងរូបនេះធ្លាប់ បាញ់គំរាមមន្ត្រីប៉ូលិស រួចមកហើយ គ្មាននរណាហ៊ានធ្វើអីលោកអធិការរង នេះទេ៕